ខេត្តព្រះសីហនុ ៖ ម្ចាស់តូបលក់ម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរឈើទាលនិងឆ្នេរព្រែកត្រែងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងដូចគ្នាថា នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងឆ្នាំ២០១៨កន្លងមកថ្មីៗនេះខុសប្លែកពីឆ្នាំមុនៗចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានការធ្លាក់ចុះស្ទើរតែមិនគួរឲ្យជឿនៅក្នុងចិត្តខណ:ដែលតាមវិថីនានានៅក្នុងក្រុងមានសភាពស្ងប់ស្ងាត់មិនមានការកកស្ទះចរាចរណ៍និងនៅតាមតំបន់ឆ្នេរដែលជាកន្លែងកម្សាន្តនៅក្នុងខេត្តក៍មានសភាពស្ងប់ស្ងាត់ប្លែកតែម្តង ខុសប្លែកពីថ្ងៃបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៧កន្លងមកចំនួនភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិបានធ្វើដំណើរចូលមកលេងកម្សាន្តជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃ០១រោច ខែភទ្របទដែលជាថ្ងៃកាន់បិណ្ឌទី០១រហូតដល់ថ្ងៃចុងបញ្ចប់ចំនួនភ្ញៀវទេសចរណ៍បានធ្វើដំណើរចូលមកលេងនៅតាមតំបន់ឆ្នេរនិងរមណីយដ្ឋាននានានៅក្នុងខេត្តព្រះសីហនុស្ទើរតែរកតុកន្លែងសម្រាប់ឲ្យភ្ញៀវអង្គុយមិនបានផង។
ប្រភពខាងលើបានបន្តឲ្យដឹងក្នុងទឹកមុខស្រងូតស្រងាត់ថា ពួកគាត់ជាអាជីវករលក់ដូរម្ហូបអាហារនៅតាមតំបន់ឆ្នេរសមុទ្រឲ្យតែដល់រដូវកាលបុណ្យទានប្រពៃណីជាតិយើងម្តងៗកាលពីឆ្នាំមុនៗតែងតែរំពឹងទុកលើមុខរបរលក់ម្ហូបអាហារសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។
ជាចៃដន្យឆ្នាំនេះក្តីរំពឹងទុកត្រូវរលាយបាត់អស់ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាមានបញ្ហាច្រើនយ៉ាងដែលជាប្រភពដើមចមបណ្តាលឲ្យភ្ញៀវទេសចរណ៍មានការធ្លាក់ចុះដូចជា÷ ស្ថានភាពផ្លូវដែលរងការខូចខាតនៅក្នុងរដូវវស្សាមិនទាន់បានជួសជុលឡើងវិញ បង្ករការលំបាកក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍។
លំហូរចូលការវិនិយោគជនជាតិបរទេស(ចិន ) យ៉ាងគំហ៊ុកផ្ទះសំណាក់ សណ្ឋារគារអូតែល។ល។ ត្រូវបានជួលឲ្យទៅឲ្យជនជាតិបរទេសស្ទើរតែអស់បង្ករការលំបាកសម្រាប់ភ្ញៀវទេសចរណ៍ដែលមានបំណងមកសម្រាកលំហែរកាយជាលក្ខណ:គ្រួសារ។
ហាងលក់អាហារ.ភេសជ្ជ:នៅក្នុងក្រុងមួយចំនួន ឬហាងលក់ម្ហូបអាហារនៅតាមបណ្តោយឆ្នេរអូរឈើទាលត្រូវបានជួលទៅឲ្យជនបរទេស(ជនជាតិចិន)ស្ទើរតែអស់និងលក់មុខម្ហូបតម្រូវតាមបែបជនជាតិគេក្នុងតម្លៃខ្ពស់។ប្រភពខាងលើបានគូសបញ្ជាក់ថាអ្វីដែលគាត់បានរៀបរាប់ខាងលើនេះហើយជាកក្តាដែលធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិមានការធ្លាក់ចុះ។
តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថាចំនួនភ្ញៀវទេសចរណ៍ដែលបានមកសម្រាកកំសាន្តនៅខេត្តព្រះសីហនុរយ:ពេល០៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ចំនួនភ្ញៀវទេសចរណ៍សរុប៧៩៥៨៧នាក់បើប្រៀបធៀបទៅនិងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧កន្លងមកមានការថយចុះ១៣,៤៩%។ក្នុងចំនួនភ្ញៀវខាងលើភ្ញៀវជាតិមានចំនួន៧៣១៧៧នាក់បើប្រៀបធៀបទៅនិងឆ្នាំ២០១៧មានការថយចុះ១៦,២៧%។ចំនួនភ្ញៀវអន្តរជាតិមានចំនួន៦៤១០នាក់បើប្រៀបធៀបទៅនិងឆ្នាំ២០១៧មានការកើនឡើង៣៩,៣៤%។
នៅក្នុងរបាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថាចំនួនភ្ញៀវទេសចរណ៍ដែលធ្វើដំណើរចូលមកកំសាន្តតាមរមណីដ្ឋាននានានៅក្នុងខេត្តមានដូចខាងក្រោមនេះ÷
១/ រមនីយដ្ឋានក្បាលឆាយចំនួនភ្ញៀវចូលទៅលេងមានចំនួន៥៣១៩នាក់ក្នុងនោះភ្ញៀវជនជាតិបរទេសមានចំនួន១៥០នាក់។
២/ រមនីយដ្ឋានថ្មរូងចំនួនភ្ញៀវទេសចរណ៍ចូលទៅលេងមានចំនួន១២៤០នាក់ក្នុងនោះភ្ញៀវជនជាតិបរទេសមានចំនួន៤៨នាក់។
៣/ រមនីយដ្ឋានពិកនិកចំនួនភ្ញៀវទេសចរណ៍ចូលទៅលេងមានចំនួន១៣៨០នាក់ក្នុងនោះភ្ញៀវជាជនជាតិបរទេសមានចំនួន៣៩៤នាក់។ដោយឡែកភ្ញៀវដែលធ្វើដំណើរតាមនាវាទៅកំសាន្តនៅតាមដែនកោះនានាក្នុងរយ:ពេលខាងលើចំនួនភ្ញៀវសរុបមាន២៦៩៥នាក់ក្នុងនោះមានស្រី១២០៥នាក់។នៅក្នុងចំនួនភ្ញៀវខាងលើភ្ញៀវជាតិមានចំនួន៦០៥នាក់ ស្រី២៨៦នាក់និងភ្ញៀវអន្តរជាតិមានចំនួន២០៩០នាក់ក្នុងនោះមានស្រី៩២៤នាក់។
ប្រជាពលរដ្ឋអ្នកលក់ដូរម្ហូបអាហារនៅតាមបណ្តោយឆ្នេរសមុទ្រនិងនៅតាមរមនីយដ្ឋាននានានិងអ្នកបើកបរនាវាដឹកជញ្ជូនភ្ញៀវទៅកំសាន្ត បានបញ្ជាក់ឲ្យដឹងថានៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានការធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សំគាល់ ដែលមិនធ្លាប់មានពីមុនមកមិនដូចជាការលើកឡើងនៅក្នុងរបាយការណ៍បែបភូតកុហក់របស់មន្ទីរទេសចរណ៍នោះទេ។
ប្រភពខាងលើបានរំលឹកឲ្យដឹងឡើងវិញដែរថាក្រោយពីមានការដោះដូរអតីត:ប្រធានមន្ទីរទេសចរណ៍លោក នូ សុផលទៅបំរើកិច្ចការនៅក្រសួងនិងជំនួសមកវិញដោយលោក តាំង សុចិត្រគ្រឹះស្នារការដឹកនាំអនុវត្តការងារផ្នែកបដិសណ្ឋារកិច្ចនិងទេសចរណ៍នៅមានកម្រិតខុសប្លែកពីអតីត:ប្រធានមន្ទីរទេសចរណ៍ដែលបានដោះដូរ។
ប្រជាពលរដ្ឋជាអាជីវករ ពាណិជ្ជកលក់ម្ហូបអាហារនិងអាជីវករអ្នកទទួលសិទ្ធបានក្នុងការដេញថ្លៃយកបន្ទប់ទឹកសាប(បន្ទប់អនាម័យ)នៅតាមឆ្នេរបានឲ្យដឹងថាកាលពីអតីត: ប្រធានមន្ទីរមុនឲ្យតែជិតដល់ថ្ងៃនៃពិធីបុណ្យជាតិផ្សេងៗប្រធានមន្ទីរទេសចរណ៍តែងតែប្រមូលអាជីវករលក់ម្ហូបអាហារតាមតំបន់ឆ្នេរ ម្ចាស់រមនីយដ្ឋាន.សេវាករ ពាណិជ្ជករ ជាម្ចាស់ផ្ទះសំណាក់.ម្ចាស់សណ្ឋារគារ។ល។
មកប្រជុំដើម្បីផ្សព្វផ្សាយផែនការសម្រាប់ទទួលភ្ញៀវទេសចរណ៍ដោយមិនមានការតម្លើងថ្លៃសេវាឲ្យហួសហេតុបង្ករការលំបាកដល់ភ្ញៀវទេសចរណ៍ស្របតាមពាក្យថា(ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អរ តម្លៃសមរម្យ )។
ប្រភពខាងលើបានបញ្ជាក់ជាចុងក្រោយថាដោយឡែកលោក តាំង សុចិត្រគ្រឹះស្នារប្រធានមន្ទីរទេសចរណ៍នាពេលថ្មីៗនេះហាក់បីដូចជានៅឆ្ងាយពីប្រជាពលរដ្ឋជាអាជីវករ សេវាករ ពាណិជ្ជករនៅតាមតំបន់ឆ្នេរនិងរមនីយដ្ឋាននានាមិនបានចុះមកត្រួតពិនិត្យសូម្បីតែបន្ទប់ទឹកសាបអនាម័យនៅតាមតំបន់ឆ្នេរអូរឈើទាលកកស្ទះរាប់ខែមកហើយក៍លោកប្រធានមិនអើរពើរក្នុងការសម្រួលកិច្ចការជូនដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលធ្វើដំណើរមកកំសាន្តឡើយ។
ដោយឡែកលោកតាំង សុចិត្រគ្រឹះស្នារភ្នាក់ងារអ្នកយកព័ត៏មានយើងមិនអាចស្វែងរកការបកស្រាយពន្យល់អំពីការលើកឡើងរបស់អាជីវករ.ពាណិជ្ជករនិងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងលើនេះបានទេ ៕ ឆ្លាម សមុទ្រ