សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងវេទិកាជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក

ចែករំលែក៖

ឥណ្ឌូនេស៊ី​៖នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមក្នុងវេទិកានៃជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន, មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ក្រោមប្រធានបទ«ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍តាមរយៈសកម្មភាពសហប្រតិបត្តិការតំបន់ និងសកល» ដែលជំនួបកំពូលនេះត្រូវបានធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងជំនួនប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ានទាំងអស់បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះទាក់ទងទៅនឹងប្រធានបទខាងលើ ហើយក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកថាចូលរួមចែករំលែកនូវទស្សនវិស័យដែលមានសារៈសំខាន់ចំពោះអនាគតប្រទេសយើងទាំងអស់គ្នា ជាពិសេសសម្រាប់សហគមន៍អាស៊ានទាំមូល។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អាស៊ានគឺជាតំបន់មួយដែលមានការរីកចំរើនឆាប់រហ័សក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដែលជាសេដ្ឋកិច្ចធំបំផុតទី៦លើពិភពលោក ជាមួយនឹងប្រជាជនប្រមាណជា ៦៤០លាននាក់ និងជាកម្លាំងដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្ម និងកំណើនពិភពលោក។ ទស្សនៈវិស័យអនាគតអាស៊ានមានភាពល្អប្រសើរដោយយើងបានកំណត់ថានឹងសម្រេចឲ្យបានកំណើនលើសពី៥%ក្នុងឆ្នាំនេះ នឹងលើសពី៥%នៅឆ្នាំក្រោយ និងក្នុងរយៈពេលមធ្យមខាងមុខ។ ជាការពិតនៅក្នុងនេះក៏មានប្រទេសមួយចំនួនសម្រេចបាននូវកំណើនខ្ពស់លើសកំរិតមធ្យមដែលរួមបញ្ចូលប្រទេសកម្ពុជាផងដែលកំពុងមានកំណើនលើសពី ៧ %ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ អាស៊ានសម្រេចបាននូវវឌ្ឍនភាពប្រកបដោយលទ្ធផលផ្នែកសង្គម ជាពិសេសលើគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការកាត់បន្ថយភាពក្រីក្រក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវវិធានការសំខាន់ៗនៃការអភិវឌ្ឍមនុស្ស សំដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពមុនគេផងដែរ។

បច្ចុប្បន្នសាកលលោកកំពុងវិវឌ្ឍទៅរកក្របខ័ណ្ឌពហុប៉ូលថ្មី ការបម្រែបម្រួលកម្លាំង និងតុល្យភាព
ព្រមទាំងកំពុងប្រឈមនឹងបញ្ហានានាពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយ ភេរវកម្ម និងអំពើហិង្សាក្នុងតំបន់ និងសកលលោក ក៏ដូចជាការប្រែប្រួលអាកាសធាតុ និងភាពមិនប្រាកដប្រជាក្នុងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោកដោយសារតែនយោបាយគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម ការរំលោភលើប្រព័ន្ធពហុភាគីនិយម និងភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុសកលនិងតំបន់។ ជាងនេះទៅទៀតអាស៊ានក៏ប្រឈមនឹងបញ្ហាជាក់ស្ដែងរបស់ខ្លួនមួយចំនួនផងដែរ ដូចជាកំណើននៃភាពចាស់ជរា និងការថយចុះកម្លាំងពលកម្ម គម្លាតជំនាញក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 គម្លាតអភិវឌ្ឍន៍រវាងប្រទេសសមាជិក និងការបែងចែកផ្លែផ្កាកំណើនប្រកបដោយសមធម៌ ព្រមទាំងបញ្ហានិរន្តភាពនៃការប្រើប្រាស់ធនធានធម្មជាតិ។ ក្នុងបរិការណ៍នេះ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូដែលមានស្រាប់ ស្ដារឡើងវិញនូវប្រព័ន្ធពាណិជ្ជកម្មសកលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងបន្តធ្វើសមាហរណកម្មលើការតភ្ជាប់លើគ្រប់វិស័យដើម្បីពង្រឹងភាពធន់របស់អាស៊ានទៅនឹងការវិវត្តន៍ស្ថានភាពនយោបាយសេដ្ឋកិច្ច និងសង្គមដូច្នេះយើងត្រូវធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគាំពារកំណើនប្រកបដោយបរិយាប័ន្ន។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ជាងពីរទសវត្សរ៍មកនេះកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧.៧% ក្នុងមួយឆ្នាំ ជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏រឹងមាំ ជាពិសេសកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសស្ថិតនៅក្នុងចំណោមប្រទេសឯកទគ្គៈ ពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចពិភពលោក។ កំណើនសេដ្ឋកិច្ចខ្ពស់នេះបានធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបកាលពីពេលថ្មីៗកន្លងទៅនេះ ហើយមូលដ្ឋានកំណើនកាន់តែមានជីវិតកាន់ច្រើនឡើង ភាពក្រីក្រក៏ត្រូវបានកាត់បន្ថយមកត្រឹម១០%ភាគរយ និងគម្លាតចំណូលក្នុងចំណោមប្រជាជនត្រូវបានរក្សាក្នុងកម្រិតទាបតាមរយៈបែងចែកផលនៃកំណើនដល់គ្រប់ស្រទាប់ប្រជាជន។ ជាងនេះទៅទៀតកម្ពុជាក៏សម្រេចបានមុនកាលកំណត់នូវគោលដៅសូចនាករផ្នែកសង្គមសំខាន់ៗទាំងក្នុងវិស័យអប់រំ និងសុខាភិបាល។

ផ្នែកលើសមិទ្ធផលដែលសម្រេចបានកន្លងមក គឺរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនជាម្ចាស់ឆ្នោត ក៏ដូចជាដើម្បីកសាងមូលដ្ឋានគ្រឹះបន្ថែមសម្រាប់ធានានាំឲ្យកម្ពុជាឈានឆ្ពោះទៅរកសម្រេចបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខ។ ក្នុងគោលដៅនេះ កម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់បង្កើតឱកាសការងារសម្រាប់យុវជន លើកកម្ពស់ការទទួលបានសេវាសាធារណៈសំខាន់ៗប្រកបដោយគុណភាពរួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, សេវាអប់រំ, សេវាសុខភាព និងសេវាមូលដ្ឋានចាំបាច់ផ្សេៗ ពិសេសធានាតុល្យភាពនិងកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ, បន្តខិតខំប្រឹងប្រែង និងពង្រីកការតភ្ជាប់ទាំងផ្នែកទន់ និងរឹងព្រមទាំងពន្លឿនសមារណកម្មសេដ្ឋកិច្ចនៅក្នុងប្រទេស, ក្នុងតំបន់ និងសកលលោក។

នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាផ្ដល់អទិភាពខ្ពស់ទៅលើការកែទម្រង់ដើម្បីជំរុញកំណើន ប្រកបដោយបរិយាប័ន្នទី១ តាមរយៈការពន្លឿនកែទម្រង់រចនាសម្ព័ន្ធចាំបាច់នានាដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មរួមមានការកាត់បន្ថយចំណាយថាមពលការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន និងការដោះស្រាយគម្លាតជំនាញតាមរយៈការកែលម្អគុណភាពអប់រំ និងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដោយបង្កើនការវិនិយោគលើយុវជនដើម្បីចាប់យកឱកាសពីឧត្តមភាពប្រជាសាស្រ្ត និងរក្សាបានកម្លាំងពលកម្មធៀបនឹងប្រជាជនទូទៅក្នុងកម្រិត៦៧% ដល់ឆ្នាំ ២០៣០ និងទី២ តាមរយៈជំរុញគោលនយោបាយសារពើពន្ធដើម្បីគាំទ្របរិយាប័ន្នឲ្យកាន់តែប្រសើរ ដោយផ្លាស់ប្ដូរទៅរកប្រភពអ្នកមានចំណូលកាន់តែខ្ពស់ស្របគ្នាទៅនឹងរក្សាបាននូវលំអរថវិកាដើម្បីបង្កើនចំណាយទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យសុខភាព និងវិស័យអប់រំ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីចាប់យកសក្តានុពលពីការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ យើងកំពុងតែគិតគូរនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុបន្ថែម ព្រមទាំងបង្កើនផ្នែកហិរញ្ញវត្ថុដែលនឹងជួយពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុខណ្ឌកម្ពុជាបាន និងកំពុងជំរុញនូវគោលដៅអភិវឌ្ឍន៍សកល មកជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃកម្ពុជា ដែលគ្រោងនឹងអនុម័តនៅដំណាច់ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា លើសពីនេះទៅទៀត យើងនឹងកែលម្អថែមទៀតនូវបរិយាកាសធុរកិច្ចតាមរយៈការអនុវត្តវិធានការមុតស្រួចសំដៅសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ចសម្រួលការបង្កើត និងធ្វើធុរកិច្ច ព្រមទាំងបង្កើនការវិនិយោគ និងឥណទានលើការអភិវឌ្ឍន៍ និងស្រាវជ្រាវដើម្បីគាំទ្រដល់ការបង្កើតការងារនិងជំរុញកំណើនអាជីវកម្មធុនតូច និងមធ្យមក្នុងស្រុក៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print