លោក ឃួង ស្រេង៖ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ ដើម្បីត្រៀមរៀបចំតុបតែងភ្លើងព៌ណ បរិស្ថាននិងសន្តិសុខសណ្តាប់ធ្នាប់សម្រាប់កម្មវិធី សម្ពោធវិមានឈ្នះឈ្នះនៅថ្ងៃ២៩ធ្នូ ២០១៨ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ ស្ថិតនៅ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ តំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ដើម្បីធ្វើការឈូសឆាយព្រៃត្រែង កាយទឹកបង្ហូដាក់លូ នឹងត្រៀមរៀបចំតុបតែងដាក់ភ្លើងព៌ណ និងសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ ថ្ងៃសម្ពោធវិមានឈ្នះឈ្នះ ដែលសម្តេចតេជោ ជាអធិបតី។

នៅក្នុងដំណើរចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅទីតាំងខាងលើ នៅល្ងាចថ្ងៃព្រហស្បតិ៏ ២កើតខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឲ្យមន្ទីរសាធារណៈការក្រុងត្រូវពន្លឿន ការងារទ្រួសត្រាយ ព្រៃត្រែងដែលនៅជុំវិញវិមានឈ្នះឈ្នះ នឹងត្រូវធ្វើការងារឈូសឆាយអោយអស់ ។ ចំពោះទឹកដែលដក់នៅក្រោយវិមានឈ្នះឈ្នះ និងនៅខាងលិចវិមាន ក៏ត្រូវធ្វើការរំដោះទឹកចេញផងដែរ ដោយកាយដាក់លូបង្ហូអោយហូរចូលក្នុងលូ ។

លោកបានបញ្ជាក់ថា ៖ ការរៀបចំដូច្នេះ គឺដើម្បី ឲ្យមានសោភ័ណ្ឌភាព និងមានភាពងាយស្រួលក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ។ កម្មវិធីសម្ពោធវិមានឈ្នះឈ្នះ នឹងប្រារព្ធឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឲ្យមន្ទីរសុខា ភិបាលរាជធានី ក្នុងឱកាសសម្ពោធនោះ ត្រូវដាក់រថយន្ដសង្គ្រោះ នៅពីមុខវិមានឈ្នះឈ្នះ ២កន្លែង ចំនួន២០គ្រឿង ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋក្រែងមានជំងឺផ្សេងៗ ក្នុងពេលកម្មវិធីនោះចាប់ផ្ដើម ក្រោមអធិបតីភាពសម្ដេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន ។

លោកបានបន្ដថា៖ ក្រៅពីការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ សាលារាជធានីភ្នំពេញ នឹងរៀបចំតុបតែងតាំងភ្លើងព៌ណ អគ្គិសនីបំភ្លឺនៅតាមដងផ្លូវមហាវិថីឈ្នះឈ្នះពី គល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នឹងបើកអោយប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិចូលរួមទស្សនា នូវសមត្ថលទ្ធផលនានា ដែលបានទទួលបានជោគជ័យ និងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងមានការរីចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ខាងមន្ទីរនឹងរៀបចំដាក់ភ្លើងអគ្គិសនីបំភ្លឺតាមដើមច័ន្ទគីរីទាំងអស់នៅតាមបណ្តោយផ្លូវ រៀបចំដាក់ប្រព័ន្ធលូចំងាយជិត៥០០ម៉ែត្រ និងឆ្លាក់អក្សរលើផ្ទាំងសិលាចារឹក ជាវិថីវិមានឈ្នះឈ្នះ ដាក់នៅដើមផ្លូវ។ ចំពោះការងារនេះ គឺខាងមន្ទីរសាធារណៈការណ៍បានធ្វើរួចរាលខ្លះមកហើយ ដូចជាការដាក់លូជាដើម។

លោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួង ការពារជាតិ និងជាប្រជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះ បានបញ្ជាក់ថា៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្រ្គាមស៊ីវិល និងទទួលបានសន្តិភាពពេញលេញនៅកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហៅកាត់ថា ទិវានយោបាយឈ្នះឈ្នះ។ តាមរយៈសន្តិភាពរកបានដោយលំបាកនៃនយោបាយឈ្នះឈ្នះនោះហើយ ដែលបង្កើតឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។

លោកបន្ថែមថា៖ វិមានឈ្នះឈ្នះនេះ គឺបានរៀបចំចម្លាក់ ស្តីពីចម្លាក់ទិវាចងចាំឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងចម្លាក់់ដំណើរជាតិកម្ពុជានាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។

សូមបញ្ជាក់ថា៖ វិមានឈ្នះឈ្នះចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ ហិកតា ដែលមានកំពស់វិមានចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print