ភ្នំពេញ ៖ មានអគ្គីភ័យមួយបានឆាបឆេះកម្ទេចឈើ នៅក្នុងសិប្បកម្មផលិតតុទូកៅអីធ្វើអំពីឈើមួយកន្លែង ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជារថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ភ្លាមៗផងដែរ។
ហេតុការណ៍អគ្គិភ័យនេះបានឆាបឆេះកើតឡើងនៅវេលាម៉ោង០៧និង១៥នាទីយប់ ថ្ងៃព្រហស្បតិ៍្ត ទី១១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចសិប្បកម្មផលិតតុទូកៅអីឈើ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមាន ផ្សែងខ្មួលខ្មាញ់ហុយចេញពីផ្នែកខាងក្រោយ នៃសិប្បកម្មផលិតតុទូកៅអីធ្វើអំពីឈើខាងលើនេះ ទើបបង្កការភ្ញាក់ផ្អើលដល់កម្មករនិងជាងឈើនិងអ្នកជិតខាងនាំគ្នាជួយដងទឹក និងយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ភ្លើងភ្លាមៗផងដែរ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿងរបស់ការិយាល័យអគ្គិភ័យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មកដល់កន្លែងកើតហេតុ ដោយបានបាញ់ពន្លត់ជាស្ថាពរទាំងស្រុង ដោយប្រើប្រាស់អស់ទឹក១គ្រឿងប៉ុណ្ណោះ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មូលហេតុដែលបណ្ដាលអោយឆាបឆេះគឺបណ្ដាលមកពីទុស្សេខ្សែភ្លើង៕ដោយ៖ភារ៉ា ដង្កោ