https://youtu.be/ntQXq7r2o0A
ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បាន បញ្ជាក់នៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា «បន្ទាប់ពីទទួលបានព័ត៌មាននេះ ខ្ញុំបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវភ្លាមៗ ហើយរកឃើញថា មន្ដ្រីនគរបាលនោះ បម្រើការនៅអធិការដ្ឋាន នគរបាលក្រុងកំពត ហើយខ្ញុំបានបញ្ជាកម្លាំងចុះទៅឃាត់ខ្លួនដើម្បីយកមកសួរនាំ»។ លោកថាមន្រ្តីនគរបាលរូបនេះមានឈ្មោះ ម៉េង ដា បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត។
គួររំឭកថា មន្ដ្រីនគរបាលនៃអធិការដ្ឋាននគរ បាលក្រុងកំពតម្នាក់ ក្នុងឯកសណ្ឋានស៊ីវិល បានដកកាំភ្លើងខ្លីចេញពីក្នុងកែបម៉ូតូ ទៅភ្ជង់គំរាមប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅតំបន់ទឹកឈូ ហើយត្រូវការគេថតវីដេអូបានបង្ហោះចែកចាយពេញបណ្ដាញសង្គម Facebook បង្កឲ្យមានការរិះគន់ខ្លាំងៗផងដែរ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវ និងឃាត់ខ្លួនមន្ដ្រីនគរបាលរូបនោះមកសួរនាំផងដែរ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយបញ្ចប់ការសួរនាំ លោកនឹងប្រជុំក្រុមប្រឹក្សាវិន័យ ហើយប្រសិនបើកំហុសមន្ដ្រីនគរបាលនោះធ្ងន់ធ្ងរ អាចនឹងឈានការកាត់ក្របខ័ណ្ឌចោលតែម្ដង ព្រោះលោកមិនបណ្ដែតបណ្ដោយឲ្យមន្ដ្រីនគរបាលដែលជាអ្នកបម្រើប្រជាពលរដ្ឋ ទៅប្រព្រឹត្តទង្វើបែបនេះជាដាច់ខាត៕