ខេត្ដសៀមរាប៖ រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធមុនីបានបើកបរក្នុងល្បឿនលឿន ប៉ះដៃចង្កូតម៉ូតូ ផ្នែកខាងស្តាំ បណ្តាលឱ្យដូលបោកក្បាលបែកស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលបើកបរស្របទិសគ្នាពីលិចទៅកើត។ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ នៅសល់ព្រូឡានម្នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរកើតឡើងនៅវេលាម៉ោង១០និង២០នាទីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោកវរសេនីយទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរខេត្តបានឲ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ នង ទ្រី ភេទប្រុសអាយុ៤៦ឆ្នាំ(ស្លាប់)មុខរបរលក់បន្លែនៅផ្សារលើធំថ្មី មានទីលំនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ១E.៩៩៤៧មកពីលិចទៅកើត ។ ចំណែករថយន្តក្រុង៤៥កៅអីជារបស់ក្រុមហ៊ុនរិទ្ធមុនី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿនលាយខៀវ ពាក់ស្លាកលេខ ៣C.៨៥៦៥ បើកបរមកពីលិចមកកើត ក្នុងទិសដៅស្របទិសគ្នា ហើយអ្នកបើកបររត់គេចខ្លួនបាត់ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។បច្ចុប្បន្នសមត្ថកិច្ចជំនាញយករថយន្តទៅទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា តំបន់ចំណតរថយន្ដខាងមុខបុរីសៀងណាំនេះ ជាកន្លែងក្រុមអ្នកចាប់ម៉ូយរថយន្ដយ៉ាងអនាធិបតេយ្យ បណ្ដាលបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងតំបន់ងទេសចរណ៍អង្គរផងដែរ៕
ដោយ៖ ជានិរន្ដរ៍