ខេត្តកណ្តាល៖ នារីម្នាក់បានស្លាប់នៅកន្លែងកើតហេតុនិង២នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូឌុបប្អូនស្រីបង្កើតវ៉ារថយន្តនៅពីមុខ ក្នុងស្ថានភាពផ្លូវមានឧបសគ្គ បណ្តាលឲ្យជ្រុលទៅប៉ះដៃចង្កូតម៉ូតូមួយគ្រឿងទៀតបើកច្រាស់ទិសគ្នាដួលខ្ទាត់ចូលក្រោមកង់រថយន្តធុនធំកិនស្លាប់ភ្លាមៗតែម្តង រីឯប្អូនស្រីនិងអ្នកបើកបរម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សីក្នុងរាជធានីភ្នំពេញ ។ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្ទាប់ពីកិនមនុស្សស្លាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង១៣នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ១១០ត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នារីម្នាក់ដែលស្លាប់មានឈ្មោះ សំ ខាន់រ៉ានី អាយុ២១ឆ្នាំ ជាអ្នកបើកបរ ម៉ូតូម៉ាកហុងដាគុបជ្រុង ធុនសេ៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះឡសំ ខាន់ជូរី ភេទស្រី អាយុ១៧ឆ្នាំ រងរបួសស្រាល ។ ទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា មានទីលំនៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។ ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាគុបមូល ធុនសេ៩០ ពណ៌បៃតងចាស់ ពាក់ស្លាកលេខឃ.៧៧២៧-កណ១ បើកបរដោយឈ្មោះ សៅ សាមិត្ត ភេទប្រុស អាយុ៥០ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅក្នុងភូមិព្រែកស្វាយ២ ឃុំឈឈើទាល ស្រុកកៀនស្វាយ ។ ដោយឡែករថយន្តដែលកិននារីរងគ្រោះម៉ាកFUSO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3C-6577 ជាប្រភេទរថយន្តដឹកគ្រឿងចក្រ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។
នគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានអោយដឹងថា នៅមុនពេលកើតហេតុ សាក្សីបានឃើញនារី២នាក់ជិះម៉ូតូហុងដាគុបជ្រុងឌុបគ្នាបើកបរតាមបណ្តោយផ្លូវជាតិលេខ១១០ ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកជិតដល់ចំណុចកើតហេតុបានព្យាយាមបើកម៉ូតូឡើងវ៉ារថយន្តម៉ាកFUSOជាប្រភេទរថយន្តដឹកគ្រឿងចក្រ ។ គ្រាដែលវ៉ាជិតផុតទៅហើយនោះបានប៉ះដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលទៅលើផ្លូវហើយអ្នកបើកបរម៉ូតូគុបជ្រុងបានខ្ទាត់ចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗមួយរំពេច ។ ចំណែកឯមនុស្ស២នាក់ទៀតមិនបានខ្ទាត់ចូលក្រោមកង់រថយន្តបានរងរបួសធ្ងន់ស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នករងរបួសទាំង២នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សីក្នុងរាជធានីភ្នំពេញ ។ ចំណែកឯសាកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចប៉ូលិសចរាចរណ៍ធ្វើការដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមច្បាប់ ៕
...
ដោយ៖ សណ្តោស