លោក លឹម គានហោ ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាថ្វាយព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ គម្រប់៦ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួង​ធនធានទឹក និងឧតុនិយម គោរពព្រះវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាថ្វាយព្រះបរមរតនកោដ្ឋ ព្រះករុណា អតីត​ព្រះមហា​ក្សត្រ សម្តេចព្រះនរោត្តម សីហនុ គម្រប់៦ឆ្នាំ នៅព្រះបរមរូបរបស់ព្រះអង្គ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ដែលរៀបចំឡើងនៅសួនវិមានឯករាជ្យ ។

ប្រជារាស្រ្តទូទាំងខេត្តស្ទឹងត្រែង ជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមបានយាងទៅយាងទៅកាន់ឋានបរមសុខ បរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។​

កូនចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាចបំភ្លេចបាននូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិ ដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាយើងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ព្រះករុណា ព្រះបាទសម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ​ និងបានយាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃ១៥កើត ខែភទ្របទ ឆ្នាំរោង ចត្វាស័ក វេលាម៉ោង១៖២០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សា ដោយជរាពាធ។

ព្រះបរមសពរបស់ទ្រង់ត្រូវបានដង្ហែពីទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងសម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង​០២៖៣០​រសៀល។ ការដង្ហែព្រះបរមសពពីព្រលានយន្តហោះអន្តរ​ជាតិភ្នំពេញ មកព្រះបរមរាជវាំង កាត់តាមវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹក​សន្ធាប់។

ព្រះបរមសពរបស់ទ្រង់ត្រូវបានតម្កល់នៅព្រះបរមរាជវាំងប្រមាណតិច៣ខែ។ ក្រោយរយ:ពេល៣ខែមកនៅ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ត្រូវបានប្រារព្ធ​ពិធីដង្ហែចេញពីព្រះបរមរាជវាំង ទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង។

គួរកត់សម្គាល់ផងដែរ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កាលព្រះអង្គនៅមានព្រះជន្ន ដោយស្នាព្រះហស្ដ ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារំាង ហើយ ប្រជារាស្ត្រកម្ពុជាទូទាំងប្រទេស បានថ្វាយព្រះកិត្តិនាមព្រះអង្គជា «ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ» និងចាប់ពីឆ្នាំ១៩៥៣ ដល់១៩៧០មក ព្រះអង្គជាក្សត្រគ្រប់គ្រងដែលមានឥទ្ធិពល​របស់កម្ពុជា ៕ សុខខេមរា

 

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print