មន្រ្តីរាជការខេត្តពោធិ៍សាត់ប្រារព្ធពិធីព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ នៅវត្តហង្សាបិតិ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់​ និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត​ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត ចូលរួមក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរៈរាជ្យបិតាជាតិខ្មែរ គម្រប់ខួប៦ឆ្នាំ ដែលប្រារព្ធធ្វើនៅវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បន្ទាប់មកថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត បានអញ្ជើញរាប់បាតដល់ព្រះសង្ឃចំនួន ៩០អង្គផងដែរ។

ទូលព្រះបង្គំយើងខ្ញុំ ជាកូនចៅ ចៅទួត ជាក្រុមប្រឹក្សា គណៈអភិបាល ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់សញ្ញាតិទូទាំងខេត្តពោធិ៍សាត់ សូមសម្តែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំក្រៃលែង រកទីបំផុតគ្មាន ចំពោះការយាងទីវង្គត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវរៈរាជ្យបិតាឯករាជ្យ បូរណៈភាព និងឯករាជ្យជាតិខ្មែរ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យទីក្រុងបេកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រះអង្គគឺជាព្រះមហាក្សត្រមួយព្រះអង្គ ប្រកបដោយទសពិតរាជធម៌កម្ររកបាន ជាក្សត្រមានបទពិសោធន៍ជាចាស់ទុំ ក្នុងចលនាបង្រួបបង្រួម និងផ្សះផ្សាជាតិ មហាសាមគ្គីភាព ឯកភាពជាតិរឹងមាំ ជាអគ្គពុទ្ធសាសនូបត្ថម្ភខ្មែរ និងជាព្រះរាជឧបត្ថម្ភបិតា នៃពុទ្ធសាសនិកពិភពលោក។ ការសោយព្រះទីវង្គត គឺជាការបាត់បង់នូវព្រះមហាវីរៈក្សត្រដ៏ឆ្នើម ដែលព្រះអង្គបានបូជា ព្រះកាយពល បញ្ញាញាណ ចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ និងជាការបាត់បង់នូវកំពូលស្ថាបនិក សន្តិភាពជាតិ អន្តរជាតិ ដោយព្រះអង្គជាក្សត្រដ៏មានប្រជាប្រិយ៍ភាពជាទីបំផុត។ នេះជាថ្ងៃចុងក្រោយត្រូវបែកឆ្ងាយពីព្រះភក្រ្ត័ និងព្រះកាយជារៀងរហូតពីព្រះអង្គ។

ទូលព្រះបង្គំយើងខ្ញុំជាកូន ជាចៅ ចៅទួត របស់ព្រះអង្គទូទាំងខេត្តពោធិ៍សាត់ សូមលើកអញ្ជលីបូងសួង សំបូងសំរូងដល់គុណកែវទាំងបី គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងបារមីព្រះមហាក្សត្រជំនាន់មុនៗ សូមជួយយិតយោង ព្រះវិញ្ញាណក្ខន្ធ សម្តេចតា សម្តេចតាទួត ឲ្យបានទៅកាន់សុគតិភព ពោលគឺសួគ៍និព្វាន កុំបីឃ្លៀងឃ្លាតឡើយ។

ទូលព្រះបង្គំយើងខ្ញុំ សូមថ្វាយព្រះរាជកុសលដល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតា ក្នុងសេរីភាព សេចក្តីថ្លៃថ្លូ និងសុភមង្គល សូមឲ្យព្រះអង្គទទួលបានសេចក្តីសុខ ចម្រើនក្នុងព្រះរាជសម្បត្តិ មានព្រះសុខភាពជន្មាយុយឺនយូ ទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ព្រះពុទ្ធសាសនា និងប្រជាពលរដ្ឋខ្មែរតរៀងទៅ។ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print