គេរាយការណ៍ថា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកញឹប ស៊្រន ពាក់ព័ន្ធយ៉ាងជ្រៅនឹងបទល្មើសនេសាទ ដែលកំពុងកើតឡើងព្រោងព្រាតនៅស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ ជាក់ស្តែង ក្រុមមន្ត្រីជលផលថ្នាក់ក្រោម បាននិងកំពុងឃុបឃិតជាមួយពួកឈ្មួញជនជាតិវៀតណាមប្រព្រឹត្តបទល្មើសនេសាទជារៀងរាល់ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុក បែរជាត្រូវពួកមន្ត្រីជលផលទាំងនោះគំរាមកំហែងមិនឲ្យបានចូលនេសាទដើម្បីចិញ្ចឹមជីវិតនោះឡើយ ។ លោកញឹប ស៊្រន ជឿតែរបាយការណ៍ភូតកុហក់បោកប្រាស់របស់ពួកមន្ត្រីថ្នាក់ក្រោម រីឯលោកអភិបាលខេត្តតាកែវ ក៏ធ្វើមិនដឹងមិនឮនោះដែរ ។
អាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ (ជលផល) បានចេញប័ណ្ណមួយសន្លឹកសម្រាប់ជនជាតិវៀតណាមចូលមកនេសាទក្នុងដែនដីខ្មែរ ហើយប័ណ្ណចូលនេសាទនោះ មានអភ័យឯកសិទ្ធិគ្រប់គ្រាន់សម្រាប់មួយរដូវកាល ដែលសមត្ថកិច្ចដទៃនៅក្នុងខេត្តតាកែវ គ្រប់ជាន់ថ្នាក់ គ្រាន់តែឃើញប័ណ្ណមួយសន្លឹកនោះ គឺត្រូវដើរចៀសពីជនជាតិវៀតណាមទាំងនោះ ។ ប័ណ្ណពណ៌លឿងមួយសន្លឹកផ្តល់សិទ្ធិគ្រប់បែបយ៉ាងឲ្យជនជាតិវៀតណាមឲ្យចូលនេសាទដោយសេរី ។ គេរាយការណ៍ថា ប័ណ្ណពណ៌លឿងមួយសន្លឹកដែលសមត្ថកិច្ចជំនាញបានធ្វើជូនជនជាតិវៀតណាមមានតម្លៃរាប់ពាន់ដុល្លារ គឺអាស្រ័យទៅលើទំហំនៃការនេសាទរបស់ជនជាតិវៀតណាមទាំងនោះ ។ មិនថា តែខេត្តតាកែវនោះទេ នៅខេត្តកណ្តាល ក៏គេធ្វើប័ណ្ណពណ៌លឿងនេះដែរ ។
ប្រភពរាយការណ៍ថា បណ្តាជនជាតិវៀតណាម ដែលមានប័ណ្ណពណ៌លឿង ត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចជំនាញក្នុងមួយរដូវកាលទៅតាមទំហំនៃបទល្មើស ។ ឧទាហរណ៍ទូកចាប់ត្រីមួយគ្រឿង ត្រូវមានប័ណ្ណពណ៌លឿងមួយសន្លឹក ហើយត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចមិនតិចជាង២ពាន់ដុល្លារនោះឡើយ ។ រីឯទូកក្តាមខ្យង ក្នុងមួយគ្រឿងក៏ត្រូវមានប័ណ្ណពណ៌លឿងមួយសន្លឹកដែរ ដែលមានតម្លៃប្រហែល១ពាន់ដុល្លារ ។ រីឯអ្នកដែលប្រើប្រាស់ឧបករណ៍ ឡើឆ្កួត (នេសាទបានគ្រប់មច្ឆជាតិ) ដែលគេចាត់ទុកថា ជាបទល្មើសធ្ងន់ធ្ងរជាងគេ គឺត្រូវមានប័ណ្ណពណ៌លឿង ចំណាយប្រាក់មិនតិចជាង៣ពាន់ដុល្លារនោះឡើយ ។
ក្រុមមន្ត្រីជលផលនិយាយថា ពួកគេអ្នកប្រតិបត្តិការផ្ទាល់នៅថ្នាក់មូលដ្ឋាន មិនសូវសល់ប៉ុន្មានដែរទេ ព្រោះត្រូវចែករំលែកបងជូនទៅលោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទផង ហើយលោក ញឹប ស៊្រន ក៏បានអះអាងថា បានចែករំលែកដល់ថ្នាក់ដឹកនាំខេត្តតាកែវនោះផងដែរ ។ គេអះអាងថា លោកញឹប ស៊្រន មានរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងបញ្ហាបទល្មើសនេសាទ នៅក្នុងស្រុកអង្គរបុរី និងស្រុកបុរីជលសា ។ ផលប្រយោជន៍ នៃអំពើពុករលួយជាប្រព័ន្ធលើវិស័យជលផល កំពុងតែធ្វើឲ្យថ្នាក់ដឹកនាំខេត្តតាកែវ ជាពិសេសលោកអ៊ួច ភា រីកមុខរីកមាត់យ៉ាងខ្លាំង ៕