ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃមួយអង្គ ត្រូវបានព្រះចៅអធិការវត្ត និង ការិយាល័យធម្មការ និងសាសនាស្រុក ចាប់ផ្សឹកប្រគល់ឲ្យសមត្ថកិច្ច ក្រោយព្រះសង្ឃមួយអង្គនេះ បានប្រព្រឹត្តខុសវិន័យសង្ឃ និង ប្រព្រឹត្តខុសច្បាប់រដ្ឋ ។ ការចាប់ផ្សឹកព្រះសង្ឃនេះ គឺធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅវត្តក្រោលជី ស្ថិតក្នុងឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា អន្ទិតដែលព្រះគ្រូចៅអធិការផ្សឹកហើយនេះ មានឈ្មោះ ង៉ែត ង៉ាន់ អាយុ៧០ឆ្នាំ រស់ នៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មកគង់នៅវត្តក្រោលជី ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ ខែតុលា អន្ទិតរូបនេះ មានសភាពស្រវឹងស្រាហើយបានវាយលោកនេនមួយអង្គ នៅក្នុងវត្តជាមួយគ្នា ហើយក្រៅពីនោះបាន ដេញកាប់ប្រជាពលរដ្ឋ ដែលនៅក្បែរវត្តនេះផងដែរ ដោយសារស្ថានភាពបែបនេះ ប្រជាពលរដ្ឋបានប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ចាប់ខ្លួន ពេលនោះ សមត្ថកិច្ចបានទៅដល់ បានស្នើសុំទៅការិយាល័យធម្មការស្រុកបរិបូរណ៍ដើម្បីផ្សឹកអន្ទិតរូបនេះ សម្រាប់ចាត់ការតាមនីតិវិធី ។
ដោយពិនិត្យមើលឃើញថា ព្រះសង្ឃ ង៉ែត ង៉ាន់ បានប្រព្រឹត្តិខុសវិន័យសង្ឃ និងខុសច្បាប់រដ្ឋ ព្រះចៅអធិការវត្តបានផ្សឹកព្រះសង្ឃង៉ែត ង៉ាន់ នេះប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ចន្ថា