ខេត្តកណ្តាលៈ ជនសង្ស័យ ២នាក់ ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយដេញចាប់ក្របួចបាន ហើយឆែកឆេររកឃើញមានថ្នាំញៀន ២១កញ្ចប់ រួមនឹងកាំភ្លើងខ្លីកែច្នៃ១ដើម និងកាំភ្លើងជ័រ១ដើមថែមទៀតផង។
នគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដែកបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃ ចន្ទ ៦ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ចំណុចវាលស្រែ ស្ថិតក្នុង ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនសង្ស័យជាប្ដីឈ្មោះ ស៊ន ពិសិទ្ធ ហៅក្រៅ (សាំ) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ប្រពន្ធឈ្មោះ ជា ស្រីណុច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលតាចាន់ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
នៅមុនពេលកើតហេតុ ខណៈដែលសមត្ថកិច្ចបានទទួលព័ត៌មានមានករណីជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ទើបកម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ស្រុកកៀនស្វាយ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ចេញទៅបង្រ្កាបហើយបានប្រទះឃើញជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះកំពុងដើរនៅវាលស្រែ ដែលជាកន្លែងពួកគេធ្លាប់ធ្វើសកម្មភាពជួញដូរកន្លងមក (មុខសញ្ញាចាស់)។
គ្រាន់តែឃើញ កម្លាំងសមត្ថកិចភ្លាម ជនសង្ស័យទាំងពីរបាននាំគ្នារត់តាមភ្លឺស្រែសំដៅទៅផ្លូវលំ តែត្រូវកម្លាំងជំនាញ និងប៉ុស្តិ៍ដេញទាន់ឃាត់ខ្លួនបាន និងបានឆែកឆេររកឃើញថ្នាំញៀនចំនួន២១កញ្ចប់ (២០តូច ០១ធំ) នៅក្នុងកាបូកយួរពណ៌ខ្មៅ និងកាំភ្លើងខ្លីប្រភេទកែច្នៃបាញ់ខ្យល់១ដើម កាំភ្លើងខ្លីជ័រមួយដើម រួមនឹងវត្ថុតាងមួយចំនួនទៀត។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីនគរបាលសាកសួរជនសង្ស័យបានសារភាពថា ថ្នាំញៀន២១កញ្ចប់ និងវត្ថុតាងខាងលើពិតជារបស់ខ្លួនមែន ទើបកម្លាំងជំនាញ បញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមច្បាប់ ៕