ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅ ខណ្ឌ៧មករា ប្រជាពលរដ្ឋ សុំឲ្យអាជ្ញាធរ ជួយដោះស្រាយ រឿងក្មេងទំនើងប្រើប្រាស់គ្រឿងញៀន,សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ,សុខា ភិបាល, ផ្លូវ, ស្ដារលូ,ភ្លើងបំភ្លីសាធារណៈ ,បញ្ហាមែកឈើងាប់ធ្លាក់មកលើប្រជាពលរដ្ឋ ,សំរាមស្អុយ ,បញ្ហាចរាចរណ៍ ,ហ្គេមបាញ់ត្រី ជាដើម ។ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រព្រឹត្ដទៅថ្ងៃពុធ ៨កើតខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៧ តុលា ឆ្នាំ២០១៨ នៅវិទ្យាល័យបាក់ទូក ក្រោមអធិបតីភាព លោក ជួប ខុន សមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ។
លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ធ្វើឡើងរៀងរាល់មួយឆ្នាំម្តង តែនៅថ្នាក់សង្កាត់ និងខណ្ឌតែង តែធ្វើជាប្រចាំ ក្រោយពីបញ្ចប់វេទិកាពិគ្រោះយោលបល់ គឺយើងបូកសរុបបញ្ហា ដែលប្រជាពលរដ្ឋស្នើរឡើង និងការចង់បានរបស់ប្រជាពលរដ្ឋ ហើយដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ ដើម្បីបំពេញការចង់ បាន របស់ប្រជាពលរដ្ឋ ។
លោក ជួប ខុន ក៏បានស្នើរសុំឲ្យប្រជាពលរដ្ឋលើកឡើងនូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធររាជធានីភ្នំពេញដោះស្រាយ ជូនបងប្អូន។ ក្នុងឱកាសនោះ លោកក៏បានកោតសរសើរ ចំពោះកម្លាំងមានសមត្ថកិច្ចប៉ូលិសខណ្ឌដែលបានបង្ក្រាបបទល្មើសជាប្រចាំ ពិសេសលើការបង្ក្រាបគ្រឿងញៀន ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនបានល្អកន្លងមក ។ នេះជាការបង្ហាញពីការចូករួមអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថភាពបានល្អ។
លោកបានបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហាសំខាន់ជាច្រើន ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ,បញ្ហាបរិស្ថាន ,បញ្ហាគ្រឿងញៀញ,សុខភាព,ទឹក ,ភ្លើង និងបញ្ហាអភិវឌ្ឍន៏មូលដ្ឋាន។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋជាច្រើននាក់ បានឡើងមកស្នើរសុំដល់អាជ្ញាធររាជធានីភ្នំពេញ ជួញដោះស្រាយជាច្រើនករណី ដែលភាគច្រើនជាពាក់ព័ន្ធ នឹងការងារសាធារការ ដូចជា បញ្ហាដាក់អំពូលភ្លើង បញ្ហាគ្រឿងញៀន ,បញ្ហាក្មេងទំនើង,ផ្លូវ បញ្ហាដាក់លូ, បញ្ហាកាប់ដើមឈើ និងកាប់មែកឈើ បញ្ហា ចរាចរណ៍ ដើម្បីងាយស្រួលកាត់បន្ថយគ្រោះថ្នាក់ចរាចរ បញ្ហាកែឈ្មោះលើសៀវភៅគ្រួសារ ការចុះបញ្ជីឈ្មោះក្មេងតូចៗ ចូលក្នុងសៀវភៅគ្រួសារ នៅសាលាខណ្ឌមានការយឺតយ៉ាវ។
លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួម មតិយោបល់ និងលើកឡើងនូវសំណើរ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានា ពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។
សូមបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌនីមួយៗ មានន័យថា ទាំង១២ខណ្ឌ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ និងធ្វើឡើងចំនួន១២ ដងផងដែរ៕ ដោយ៖ សំរិត