ស្ពានថ្មក្នុងឃុំ​ទឹក​ឃ្លាំងមួយកន្លែងបាក់ស្រុតដោយទឹកច្រោះ ក្រោយសាងសង់បានប្រមាណជិត៦ឆ្នាំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ​ស្ពាន​ទី​៣ នៃ​ផ្លូវ​សំពោង ក្នុង​ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​បាក់ស្រុត កាលពី​ល្ងាចថ្ងៃ អង្គារ ៧ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី​១៦ខែតុលា ឆ្នាំ​២០១៨​ ដោយសារទឹកច្រោះនិងទឹកហូរឆ្លងកាត់ ធ្វើឲ្យប្រជាពលរដ្ឋ អាក់ ខានធ្វើដំណើរឆ្លងកាត់ ដោយមិនដឹងថាពេលថាស្ថាបនាបានឡើងវិញនោះទេ ។

ប្រជាពលរដ្ឋឃុំ ទឹកឃ្លាំង បានឲ្យដឹងថា ដោយសារតែ កត្តា​គ្រឹៈ មិនសូវ​រឹងមាំ និង​មានការ​កេង ចំណេញ ផ្នែក​បច្ចេកទេស បណ្ដាល​ឲ្យ ទឹក​ហូរ​ច្រោះ បាក់​ស្ពាន​ទី​៣ នៃ​ផ្លូវ​សំពោង ក្នុង​ឃុំ​ទឹក​ឃ្លាំង ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​ កាលពី​ល្ងាច ថ្ងៃទី​១៦ខែតុលា ឆ្នាំ​២០១៨​។​

​ចំណែកអាជ្ញាធរ​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹងថា មូលហេតុ ដែល​បណ្ដាល​ឲ្យ ស្ពាន​បាក់​បែបនេះ គឺ​មកពី​គ្រឹៈ មិន​រឹងមាំ គួបផ្សំ​និង ទឹក​ហូរ​ច្រោះ ហើយ​ស្ពាន ផ្លូវ​សំពោង​នេះ មានប្រែងទទឹង៨ម៉ែត្រ បណ្តោយជាង២០ម៉ែត្រ សាងសង់ដោយ កងវិស្វកម្ម កាលពី​ឆ្នាំ​២០១២ ហើយមកដល់​ឆ្នាំ​២០១៨ ក៏​បាក់ស្រុត តែម្ដង​។

សម្រាប់​ផ្លូវ​នេះ កាល​អំឡុង​ទឹក កំពុង​ឡើង បាន​ហូរ​ដាច់ ជាច្រើន​ម៉ែត្រ ហើយ​រាល់ ការធ្វើដំណើរ គឺ​ឆ្លង​ទូកដរ រហូតដល់​បច្ចុប្បន្ន​។ លុះដល់ ល្ងាច​ថ្ងៃទី​១៦ ស្រាប់តែ​ក្បាលស្ពាន នៅ​ចំណុច​ខាងលើ បាន​ស្រុត បាក់​ស្ពាន​ទាំងស្រុង ធ្វើឲ្យប្រជាពលរដ្ឋលែងមានស្ពានចម្លងពីភូមិមួយ​ទៅភូមិមួយ​បានទៀ​តឡើយ ​។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត​កណ្តាល មេត្តារួសរាន់ធ្វើស្ពាននេះឡើងវិញផង ព្រោះស្ពាននេះជាស្ពានមានសារសំខាន់​ចម្លងការធ្វើដំណើរ ឬការដឹកជញ្ជូនកសិផលប្រជាពលរដ្ឋទៅលក់នៅទីផ្សារបង្កើនសេដ្ឋកិច្ច គ្រួសារផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print