ប្រទេសមីយ៉ាន់ម៉ា: ភាគីចូលរួមកិច្ចចរចាសន្តិភាពបានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗ

ចែករំលែក៖

អ្នកចូលរួមក្នុងកិច្ចចរចាសន្តិភាពត្រីភាគីនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានយល់ស្របដើម្បីកំណត់នូវកាលវិភាគការងារនិងកិច្ចការអាទិភាពសម្រាប់គោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យនិងសហព័ន្ធ ក្នុងកិច្ចប្រជុំស្តីពីសន្តិភាព។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយបានឱ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងរដ្ឋាភិបាលនឹងកម្លាំងទាហានសហ គមន៍ជនជាតិភាគតិចចំនួន ១០ (EAO) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់នៅទូទាំងប្រទេសកាលពីថ្ងៃទី ១៦ ខែតុលា បន្ទាប់ពីកិច្ចប្រជុំថ្ងៃទីពីរបានបញ្ចប់។

ភាគីនានាបានសន្យាថានឹងដោះស្រាយបញ្ហាចាំបាច់ដើម្បីឈានដល់កិច្ចព្រម ព្រៀង គ្នាដើម្បីផ្តួចផ្តើមការសម្របសម្រួលក៏ដូចជាការពិភាក្សាពីបញ្ហាសន្តិសុខ និងការបង្កើតយុទ្ធសាស្ត្រនយោបាយឆ្ពោះទៅរកការផ្សះផ្សាគ្នា។

ភាគីពាក់ព័ន្ធ នឹងខិតខំដើម្បីអូសទាញ ភាគី ដែលមិនទាន់ចុះហត្ថលេខាឲ្យចូល រួមដើម្បីសន្តិភាព យូរអង្វែង មានការទទួល ខុសត្រូវនិងមានតម្លាភាព។

វិវាទផ្ទៃក្នុងប្រទេសមីយ៉ាន់ម៉ា បានអូស បន្លាយជាច្រើនឆ្នាំកន្លងមក ដោយមិនទាន់រកបានសំឡេងរួមគ្នាឆ្ពោះទៅរកសន្តិភាពនៅឡើយទេ បើទោះបីមានការពិភាក្សាជាច្រើនលើកកន្លងមក ចាប់តាំងពីលោកស្រី សានស៊ូជីឈ្នះឆ្នោត ដឹកនាំប្រទេស ។កិច្ចពិភាក្សាលើកនេះត្រូវបានគេរំពឹងថា នឹង ឈានដល់កិច្ចព្រមព្រៀងសន្តិភាព ជួយឲ្យប្រទេសជាតិមានសន្តិភាពពេញលេញ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ានោះដែរ ប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការ សហប្រជាជាតិ (UN) ដែលចោទប្រកាន់ ថា យោធាមីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិដើមភាគ តិចរ៉ូហ៊ីងយ៉ា នឹងចូលខ្លួនធ្វើបទបង្ហាញនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ UNនៅក្នុង ខែតុលានេះ បន្ទាប់ពីបារាំង អង់គេ្លស សហរដ្ឋអាមេរិក និងប្រទេសជាសមាជិក ៦ផ្សេងទៀតស្នើបើកកិច្ចប្រជុំជាបន្ទាន់មួយ។

ការស្នើបើកកិច្ចប្រជុំជាបន្ទាន់ខាងលើ កើតមានឡើងនៅចំពេលសហគមន៍អន្តរជាតិកំពុងដាក់សម្ពាធលើប្រទេសមីយ៉ាន់ម៉ា ទទួលខុសត្រូវចំពោះប្រតិបត្តិការយោធានៅភាគខាងលិចរដ្ឋ រ៉ាឃីន (Rakhine) កាលពីឆ្នាំមុន ដែលបង្ខំឱ្យជនជាតិរ៉ូហ៊ីង យ៉ា ៧០០,០០០នាក់ រត់ភៀសខ្លួនទៅ កាន់ព្រំដែនប្រទេសបង់ក្លាដែស និងរាប់ ពាន់នាក់បានស្លាប់។

ចំណែកឯក្រុមអ្នកស៊ើបអង្កេត UN បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខបញ្ឈប់ការលក់អាវុធ ដាក់ទណ្ឌកម្ម និងនាំយកអ្នកទទួលខុសត្រូវលើការសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ា ឡើងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ ទោះបីជាយ៉ាងនេះក្តី ទាំងយោធា មីយ៉ាន់ម៉ា និងរដ្ឋាភិបាលរបស់លោកស្រី អង់សាន ស៊ូជី បានបដិសេធរាល់ការចោទ ប្រកាន់ ហើយអ្វីដែលពួកគេកំពុងធ្វើ គឺ ដើម្បីការពារជនស៊ីវិល និងរក្សាសន្តិសុខនៅក្នុងប្រទេសតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សំណើបើកកិច្ចប្រជុំជា បន្ទាន់ និងឱ្យប្រធានក្រុមអ្នកស៊ើបអង្កេត UN ចូលខ្លួនស្រាយបំភ្លឺ ត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន៩ ក្នុងចំណោម ១៥ មាន ដូចជា អង់គ្លេស បារាំង ហុល្លង់ ស៊ុយអែត ប៉ូឡូញ ប៉េរូ គុយវ៉ែត កូតឌីវ័រ និងសហ រដ្ឋអាមេរិក។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ប្រភពការ ទូតជាច្រើនរំពឹងថា ចិន និងរុស្ស៊ី អាចនឹង ប្រើប្រាស់សិទ្ធិវ៉េតូ (ជំទាស់) ដើម្បីការពារមីយ៉ាន់ម៉ាពីការថ្កោលទោស និងទណ្ឌកម្ម អន្តរជាតិ ដូចដែលប្រទេសទាំងពីរធ្លាប់បានធ្វើនាពេលកន្លងមក៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print