ខេត្តព្រះវិហារ ៖ ពិតជាគួរឲ្យអាសូរណាស់ដែលក្មេងប្រុសអាយុទើបតែ១៨ខែម្នាក់បាន ពុលចំណីអាហារ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងខ្ចីមិនទាន់ដឹងអីសោះ ។
ករណីក្មេងពុលចំណីអាហារបណ្តាលឲ្យស្លាប់បាត់បងជីវិត្តនេះ កើតឡើងកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះឈ្មោះហុន សៀងហៃ ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
មន្រ្តីនគរបាល ស្រុកគូលែន បានឲ្យដឹងថា ក្មេងរងគ្រោះដែលបាត់បងជីវិតនេះ ឈ្មោះ ហៃ វ៉ាន់ឆាយ ភេទប្រុស អាយុ១៨ខែ រស់នៅកន្លែងកើតហេតុខាងលើ ។
ប្រភពពីសាក្សីក្នុងភូមិខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងរងគ្រោះបានហូបនំកញ្ចប់(cookie creme)ប្រភេទសូកូឡា អស់៤កញ្ចប់នឹងទឹកក្រូចដបជ័រ(sanumpueng)អស់១ដប ដែលចំណីអាហារទាំងនេះត្រូវម្តាយទិញពីផ្សារទុកឲ្យកូនហូប ។ លុះ ហូបរួចក្មេងរងគ្រោះបានរត់លេងជាមួយក្មេងដទៃទៀតជាធម្មតា ប៉ុន្តែបានប្រមាណ៣០នាទីក្រោយស្រាប់តែបែកពពុះមាត់ទន់ខ្លួនតែម្តង ។ ពេលឃើញដូច្នេះ ម្តាយរបស់គេបានប្រញាប់ប្រញាល់យកទៅមណ្ឌលុខភាពកោះកេរដើម្បីឲ្យគ្រូពេទ្យជួសង្រ្គោះ តែពេលទៅដល់ គ្រូពេទ្យប្រាប់ថាក្មេងប្រុសរងគ្រោះបានស្លាប់មុនបាត់ទៅហើយធ្វើឲ្យក្រុមគ្រួសារស្រែកទ្រហោរយំយ៉ាងសោកសង្រេងបំផុត ។
បន្ទាប់មកក្រុមគ្រួសារក្មេងរងគ្រោះបានដឹកសពមកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសល្យវិច័យ ដោយបង្ហាញភស្តុតាងមានសំបកនំកញ្ចប់(cookie creme)ប្រភេទសូកូឡា ៤កញ្ចប់និងទឹកក្រូចដបជ័រ(sanumpueng) ១ដប ដែលក្មេងរងគ្រោះហូបមុននឹងស្លាប់ ដើម្បី សមត្ថកិច្ចយកទៅស្រាវជ្រាវបន្ត បន្ទាប់ពីសង្ស័យថាក្មេងប្រុសរងគ្រោះពុលចំណីអាហារទាំងនេះតែម្តង ៕