ខេត្តក្រចេះ ៖ កម្លាំងនគរបាលស្រុកចិត្របុរីនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះជាមួយប្រជាការពារភូមិបានឃាត់ខ្លួនប្ដីនិងប្រពន្ធដែលបានចាយលុយដុល្លារក្លែងក្លាយ(លុយសែន)កាលពីថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ខែតុលាឆ្នាំ២០១៨ ស្ថិតក្នុងភូមិកសាងឃុំចង្ក្រង់ស្រុកចិត្របុរីខេត្តក្រចេះ ។
មន្រ្តីនគរបាលស្រុកចិត្របុរីបានឲ្យដឹងថា ជនសង្ស័យ២នាក់ប្ដីប្រពន្ធមានឈ្មោះយ៉ន សំ ភេទប្រុសអាយុ៣៩ឆ្នាំ(ប្តី)និងឈ្មោះផានឡែនអាយុ៣៣ឆ្នាំ(ប្រពន្ធ) រស់នៅភូមិខ្សាកឃុំពពេលស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
មន្ត្រីនគរបាលបានបន្តថាប្តីប្រពន្ធនេះបានជិះម៉ូតូមួយគ្រឿងទៅទិញសាំងហើយឲ្យលុយទៅម្ចាស់លក់សាំងលុយម្ភៃដុល្លារ។ អ្នកលក់សាំងក៏បានអាប់លុយឱ្យហើយ ស្រាប់តែជនពីរនាក់ប្តីប្រពន្ធចាកចេញទៅយ៉ាងលឿន។ ក្រោយពីរនាក់ប្តីប្រពន្ធជិះម៉ូតូចាកចេញបានបន្តិច ម្ចាស់សាំង បានពិនិត្យលុយម្ដងទៀតក៏ដឹងថាលុយនោះជាលុយក្លែងក្លាយ(លុយសែន)រួចក៏ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលចង្ក្រង់ភ្លាមដែរ ។
ក្រោយពីបានទទួលបានពាក្យបណ្ដឹងកម្លាំងនគរបាលជំនាញស្រុកសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិងប្រជាការពារភូមិបានឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះមកសួរនាំរួចបានដកហូតលុយដុល្លារក្លែងក្លាយ(លុយសែន)សរុបទាំងអស់ចំនួន៥.៤១៥ដុល្លារនិងម៉ូតូ១គ្រឿង។
ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕