ភ្នំពេញ ៖ រថយន្តហុីយមួយគ្រឿងបើកលឿនជ្រុលទៅបុករះម៉ូតូ២គ្រឿង និងរថយន្តមួយគ្រឿង ហើយបន្តទៅ កៀរតូបអ្នកលក់ដូរបន្ថែមទៀត ទើបទៅមុខលែងរូច បណ្តាលអោយរងការខូចខាតកាលពីវេលាម៉ោង៣និង ១០ នាទីរសៀល ថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ តាមផ្លូវទំនប់កប់ស្រូវ ភូមិខ្លែងតាអែ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ទ្រុង ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2016 បើកបរដោយបុរសម្នាក់(រងរបួសជើងធ្ងន់ ) រថយន្តខាងលើ បើតាមបណ្តោយផ្លូវទំនប់កប់ស្រូវពីត្បូងទៅជើងល្បឿនលឿន ។ លុះដល់ចំណុចខាងលើ បុកកៀរម៉ូតូ២គ្រឿង សេ១២៥មួយគ្រឿង និងម៉ាកស្មាស់មួយគ្រឿងបើកស្របទិស ហើយរថយន្តបង្ក បន្តទៅកៀររថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5238 បើកស្របទិស បណ្តាលឲ្យដាច់រយះកំពិតអស់មួយចំហៀង រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿន រេចង្កូតទៅខាងស្តាំ ធ្លាក់ផ្លូវ បន្តទៅបុកកៀរតូបលក់ដូរ និងរុឺម៉ក នៅបញ្ឈរចោលបន្តែមទៀត ធ្វើឲ្យរថយន្តរួញកាប៊ីន គៀបជាប់ជើងអ្នកបើករថយន្តបង្ក បណ្តាលឲ្យរងរបួស ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវបាន សមត្ថកិច្ច ប្រជាពលរដ្ឋជួយគាស់ទាញយកចេញ ដើម្បីដឹកបញ្ជូនទៅមន្ទីរពេទ្យ ។
តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីអ្នកបើកបររថយន្តបង្ករងរបួសទៅពេទ្យករណីខាងលើត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ រាល់ការប៉ះពាល់ ខូចខាយ ទ្រព្យសម្បត្តិអ្នកដទៃ រួចយករថយន្ត ម៉ូតូ ពាក់ព័ន្ធទៅរក្សាទុកនៅផ្នែកជំនាញជាបណ្តោះអាសន្ន រងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ
...