ខេត្តក្រចេះ ៖ ស្ត្រីម្នាក់ និងបុរស២នាក់ បានស្លាប់ភ្លាមៗនិងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខេត្តជាបន្តបន្ទាប់នាព្រលប់ ថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៨នេះក្រោយពីអ្នកភូមិទទួលទានស្រាសដែលបិទនៅក្នុងភូមិ។ ករណីនេះ បានកើតឡើងនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុក សំបូរ ខេត្តក្រចេះ ។
សមត្ថកិច្ចឲ្យដឹងថា ករណីពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ បានច្រូតស្រូវរួច កាលពីរសៀលថ្ងៃទី១៨ ខែតុលាហើយក៏នាំគ្នាផឹកស្រាស។ ក្នុង ចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថប់ដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្គ្រេាះនៅមន្ទីរពេទ្យខេត្ត ។
សម្រាប់ហេតុការណ៍ការស្លាប់របស់ អ្នកភូមិដែលអាជ្ញាធរសង្ស័យថាពុលស្រាសនេះអាជ្ញាធរបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិឃុំកើតហេតុ ដើម្បីសាកសួរផងដែរ ។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ ក្រសួងសុខាភិបាលនិងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងថា រហូតមកដល់រសៀលថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ សង្ស័យពុលស្រាសទាំង៤១នាក់នោះបានធូរស្រាលច្រើនហើយ ។ ខណៈជនរង គ្រោះដែលស្លាប់ដោយសារករណីនេះមានចំនួន៣នាក់ ។
លោក លី សុវណ្ណ ពេលចុះពិនិត្យស្ថានភាពអ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះបានបញ្ជាក់ថា«គិតត្រឹមពេលនេះ អ្នកស្លាប់៣នាក់ ក្នុងនោះស្រីម្នាក់និងចំនួនអ្នកពុលស្រាសម្រាកព្យាបាលនៅមន្ទីរ ពេទ្យចំនួន៤១នាក់ ។ តែអ្នកជំងឺបានធូរ ស្រាលច្រើនហើយ ដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យមន្ទីរពេទ្យខេត្តក្រចេះ»។
ក្រោយមានករណីពុលស្រាសកើតឡើង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជូនមន្ដ្រីជំនាញមួយក្រុម ចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវនៅកន្លែង ដែលសង្ស័យថាពុលស្រា នៅភូមិដំរ៉ែ ឃុំ បឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។
លោក លី សុវណ្ណ ដែលដឹកនាំក្រុម មន្ដ្រីជំនាញនេះផ្ទាល់ បានបញ្ជាក់ថា លោក រដ្ឋមន្ដ្រី បានបញ្ជាឲ្យមន្ដ្រីជំនាញចុះទៅ ពិនិត្យ និងស្រាវជ្រាវភ្លាមជុំវិញករណី សង្ស័យថាពុលស្រានេះដើម្បីរកមូលហេតុឲ្យពិតប្រាកដថាតើករណីពិតជាពុលស្រាមែនឬក៏យ៉ាងណា?និងដើម្បីមានវិធាន ទប់ស្កាត់ ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរបានច្រូតស្រូវរួចហើយបាននាំគ្នាផឹកស្រាសកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៨។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថប់ដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្ត បន្ទាប់ ក្រោយពីនាំទៅសង្រេ្គាះនៅមន្ទីរ ពេទ្យខេត្ត ៕ ហេង សូរិយា