ជំនាញព្រហ្មទណ្ឌអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ២ករណី នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងសហការមន្រ្តីជំនាញព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួននៃសាលាដំបូងខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងឃាត់ខ្លួនបុរស ២នាក់ផ្សេងគ្នានៅស្រុកវាលវែង ជាប់ពាក់ព័ន្ធក្នុងករណីហឹង្សា។

ប្រតិបត្តិការខាងលើធ្វើឡើងជាបន្ដបន្ទាប់នៅវេលាម៉ោង១២ និង០៥នាទី លុះនៅវេលាម៉ោង២ និង០៧​នាទី រសៀលថ្ងៃព្រហស្បត្តិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចអូរដេការ និងចំណុចដូននាគ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនទី១ ឈ្មោះ ថៃ ថា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុច និងភូមិ.ឃុំត្រូវអនុវត្ត ហើយការអនុវត្តនេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៣៤ ច ខ ១៧ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ពីបទ(ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស)ដែលចេញដោយលោក ម៉ៅ សុីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តពោធិ៍សាត់។

លោក ម៉ូ លីដា ស្នងការរងបន្តថា ការអនុវត្តលើជនទី២ ឈ្មោះ ស៊ុំ សុីម ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅចំណុចភូមិ.ឃុំកើតហេតុ ហើយការអនុវត្តនេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០២ ច ខ ១៦ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ពីបទ(ហឹង្សាដោយចេតនា)ដែលចេញដោយលោក រស់ បូរ៉ា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តពោធិ៍សាត់។

លោក បន្តទៀតថា ចំពោះជនជាប់ចោទរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តពោធិ៍សាត់ទាំង ២នាក់ កម្លាំងជំនាញព្រហ្មទណ្ឌបានបញ្ជូនពួកគេទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីហើយ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print