ភ្នំពេញ៖ ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០១៨៖ ក្រុមហ៊ុន Smart Axiata នាថ្ងៃនេះ បានបង្ហាញរបាយការណ៍និរន្តរភាពប្រចាំឆ្នាំ ២០១៧ របស់ខ្លួន ក្នុងពិធីនៅភោជនីយដ្ឋាន Topaz ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមាន លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មន្ត្រីតំណាងក្រសួងនានា និងដៃគូអភិវឌ្ឍ។ របាយការណ៍នេះ បានឆ្លុះបង្ហាញឲ្យឃើញពីសមិទ្ធផលសំខាន់ៗ ដែលក្រុមហ៊ុនសម្រេចបានសម្រាប់សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ។
ក្របខណ្ឌការងារនិរន្តរភាពរបស់ក្រុមហ៊ុន គឺដើរស្របទៅនឹងក្របខណ្ឌរបស់ក្រុមហ៊ុន Axiata Group ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន ដោយគ្របដណ្ដប់លើចំនុចផ្សេងៗ ក្រោមសសរស្ដម្ភទាំង៤ ដូចជាទី១លើសពីប្រាក់ចំណេញរយៈពេលខ្លី៖ បង្កើតគុណតម្លៃរយៈពេលវែង តាមរយៈការវិនិយោគ ព្រមទាំងការបង្កើតនូវផលិតផល និងសេវាកម្មបែបបរិយាប័ន្ន។ទី២ការកសាងធនធានមនុស្ស៖ បណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យលំដាប់ពិភពលោក ដោយផ្អែកលើគុណតម្លៃស្នូលនានា ហើយផ្ដល់នូវមជ្ឈដ្ឋានធ្វើការមានភាពអំណោយផល ដែលជំរុញឲ្យមានភាពច្នៃប្រឌិត និងនវានុវត្តន៍ ។
ទី៣ដំណើរការល្អឥតខ្ចោះ៖ រៀបចំឲ្យមានការកែលម្អ និងការធ្វើអភិបាលកិច្ចលើដំណើរការអាជីវកម្ម ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព ក៏ដូចជាប្រសិទ្ធផលនៃដំណើរការអាជីវកម្មកាន់តែខ្ពស់ជាងមុននិងទី៤ពិភពលោក&សង្គម៖ អនុវត្តនូវកម្មវិធីនានា ក្នុងបំណងកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងបានចូលរួមចំណែកផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ទៅដល់សង្គមជាតិកម្ពុជា។
នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Smart ទទួលស្គាល់ថា យើងមានទំនួលខុសត្រូវធំធេង ក្នុងការធានាឲ្យបានថា អាជីវកម្មរបស់យើងរីកចម្រើនទៅមុខ ព្រមគ្នានឹងការរីកចម្រើនរបស់ដៃគូពាក់ព័ន្ធនៅក្នុងស្រុក និងសហគមន៍មូលដ្ឋានផងដែរ។ យើងនឹងបន្តរក្សាតម្លាភាពនៅពេលដែលយើងបង្ហាញសាធារណជនឲ្យឃើញអំពីការខិតខំរបស់យើង ហើយក៏ត្រូវគ្រប់គ្រងផលប៉ះពាល់រយៈពេលវែងរបស់យើងទៅលើវិស័យសំខាន់ៗបី គឺសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ នេះគឺជាសាក្ខីភាពមួយ ដែលបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏វែងឆ្ងាយរបស់យើង ឆ្ពោះទៅរកនិរន្តរភាព ស្របពេលដែលយើងត្រូវរក្សាលទ្ធផលការងាររបស់យើងឲ្យនៅខ្ពស់ដដែល។”
បើគិតត្រឹមតែឆ្នាំ ២០១៧ តែមួយឆ្នាំ ក្រុមហ៊ុន Smart បានចូលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ៣៣៩លានដុល្លាររអាមេរិក ពោលគឺស្មើនឹង ១.៥ ភាគរយនៃទិន្នផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។ ក្រុមហ៊ុន Smart ក៏បានជួយផ្តល់ការងារចំនួន ៥២.៥៥៤ កន្លែង នៅក្នុងសង្វាក់ប្រតិបត្តិការរបស់ក្រុមហ៊ុន ។
ក្រុមហ៊ុន Smart បានបង់ពន្ធ អាករ និងកម្រៃនានាដែលកំណត់ដោយច្បាប់ ក្នុងទំហំទឹកប្រាក់ ចំនួន ៧៦ លានដុល្លារ ដែលក្នុងនោះការបង់ពន្ធតែមួយមុខរបស់ក្រុមហ៊ុនគឺស្មើនឹង ៣% នៃចំណូលពន្ធរបស់ជាតិ។ លើសពីនេះ ក្រុមហ៊ុន Smart បានប្តេជ្ញាអនុវត្តគម្រោងផ្សេងៗ ដែលជំរុញដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៏(ICT) ក៏ដូចជាការបណ្តុះធនធានមនុស្ស ដោយប្រើថវិកាជាង៦,៥លានដុល្លារអាមេរិក ដែលជាវិភាគទានរបស់ក្រុមហ៊ុនក្នុងមូលនិធិកាតព្វកិច្ចសេវាកម្មជាសកល និងមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍន៍។
ក្រៅពីអាជីវកម្មស្នូលរបស់ខ្លួន ក្រុមហ៊ុន Smart ក៏បានបន្តអនុវត្តរបៀបវារៈជាជើងឯកឌីជីថលថ្នាក់ជាតិ តាមរយៈគំនិតផ្តួចផ្តើមផ្នែកការងារទំនួលខុសត្រូវសង្គមជាច្រើន ជាពិសេសគឺការងារដែលស្ថិតក្រោមសសរស្ដម្ភវិស័យអប់រំ និងសសរស្ដម្ភថ្មី គឺនវានុវត្តន៍បច្ចេកវិទ្យា។ ក្រៅពីការរួមចំណែកដល់ថវិកាអភិវឌ្ឍន៍ជាតិ និងប្រាក់ចំណូលរបស់រដ្ឋាភិបាល ក្រុមហ៊ុន Smart បានរៀបចំទឹកប្រាក់ចំនួនជាង១ភាគរយ នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គម ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ទាំងឡាយ ដែលយើងមានប្រតិបត្តិការ។ ក្រៅពីក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេបង្អស់ដែលបានដាក់ឲ្យដំណើរការនូវប្រព័ន្ធ 4.5G កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន Smart ក៏បានដាក់ចេញនូវសេវាបែបនវានុវត្តន៍នានា ចុះកិច្ចព្រមព្រៀងភាពជាដៃគូថ្មីៗលើវិស័យកម្សាន្ត និងបង្កើនគំនិតផ្ដួចផ្ដើមបែបឌីជីថលរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ Smart ក៏បានសម្រេចនូវសមិទ្ធផលថ្មី តាមរយៈការដាក់ឲ្យដំណើរការនូវមូលនិធិ Smart Axiata Digital Innovation Fund ដែលមានថវិកា ៥លានដុល្លារអាមេរិក ហើយក៏ជាមូលនិធិដំបូងគេបង្អស់នៅកម្ពុជា សម្រាប់បណ្តាក់ទុនលើអាជីវកម្មបែបឌីជីថល ដោយផ្តោតសំខាន់ទៅលើការវិនិយោគលើក្រុមហ៊ុនទើបនឹងបង្កើតថ្មីបែបឌីជីថល ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជាផ្ទាល់។
លោក ថូម៉ាស ក៏បានថ្លែងថា៖ “ខ្ញុំមានមោទនភាពចំពោះការរួមចំណែកកាន់តែច្រើនឡើងរបស់យើងទៅលើសង្គមជាតិ ចំពោះលទ្ធផលអាជីវកម្ម និងចំពោះឥទ្ធិពលរបស់យើងទៅលើសង្គមកម្ពុជា។ យើងនឹងបន្តអភិវឌ្ឍភាពឈានមុខគេផ្នែកសេវាអ៊ិនធឹណិតទូរស័ព្ទចល័ត និងផ្នែកកម្សាន្តស្រាប់ការរស់នៅ ហើយទន្ទឹមនឹងនេះក៏ត្រូវដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជាផងដែរ។ ការវិនិយោគ និងការប្តេជ្ញាចិត្តរបស់យើងចំពោះប្រទេសកម្ពុជា នៅតែមាននៅក្នុងឆ្នាំនេះ ហើយក៏នឹងនៅតែមានភាពរឹងមាំដដែល តទៅថ្ងៃអនាគត៕ ដោយ វឌ្ឍនា