ក្នុងត្រីមាសទី​៣ឆ្នាំនេះកំណើនសេដ្ឋកិច្ចចិន​ធ្លាក់ចុះជាលទ្ធផលនៃសង្គ្រាមពាណិជ្ជកម្ម?

ចែករំលែក៖

តាម​ការចុះផ្សាយ​របស់​ការិយាល័យ​ស្ថិតិជាតិ​ចិនបានឲ្យដឹងថា កំណើន​សេដ្ឋកិច្ច​ចិន បាន​ធ្លាក់​ថយ​ចុះមក​នៅ​ត្រឹម ៦,៥%សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំនេះ។ ៦,៥%​ជា​អត្រា​កំណើន​ដ៏​ទាបដែល​ចិន​មិន​ធ្លាប់ជួប​ប្រទះចាប់តាំង​ពី​វិបត្តិហិរញ្ញវត្ថុ​សកល កាលពី​ឆ្នាំ ២០០៨។ កំណើន​សេដ្ឋកិច្ច​របស់​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ទី​២ ធ្លាក់ចុះ នៅ​ពេល​ដែល​អាមេរិក និងចិន​កំពុង​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​នឹងគ្នា។

កំណើនសេដ្ឋកិច្ច​ចិននៅ​ឆ្នាំនេះបាន​ធ្លាក់​ថយចុះ​ជាបន្ត​បន្ទាប់ ពី​៦,៨% នៅ​ត្រីមាស​ទី១ មក​នៅ​ត្រឹម ៦,៥% សម្រាប់​ត្រីមាស​ទី៣។ កំណើន​សេដ្ឋកិច្ច​តែ​៦,៥% ធ្លាប់​ជា​ការព្យាករ​ទុករបស់​រដ្ឋាភិបាល​ក្រុងប៉េកាំង ប៉ុន្តែ ៦,៥% ជា​អត្រាកំណើន​ដ៏​ទាបដែល​ប្រទេស​ចិន មិន​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ២០០៩មក (ចាប់តាំងពី​ចិនធ្វើ​នយោបាយ​ជំរុញ​សេដ្ឋកិច្ចនៅក្រោយ​វិបត្តិ​ហិរញ្ញវត្ថុសកល នា​ឆ្នាំ២០០៨) ។

អ្នកនាំពាក្យ​របស់​ការិយាល័យ​ស្ថិតិ​ចិន ដែល​ជាអ្នកបង្ហាញ​តួលេខនៅថ្ងៃ​សុក្រ​នេះទទួល​ស្គាល់​ថា បរិយាកាស​ដ៏ស្មុគស្មាញនៅ​បរទេស ហើយ​និង​នយោបាយ​កំណែទម្រង់ក្នុង​ស្រុក កំពុង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ចិននៅ​ថេរ​នឹង​ថ្កល់។

នៅ​មួយរយៈ​ចុងក្រោយនេះ រដ្ឋាភិបាល​ចិន ដែល​ព្រួយបារម្ភ​ពី​ការកើនឡើង​នៃ​បរិមាណ ប្រាក់បំណុល​ក្នុង​ប្រទេស បាន​រឹតបន្តឹង​លក្ខខណ្ឌ​ខ្ចីប្រាក់ កាត់បន្ថយ​ការចំណាយ​សាធារណៈ ហើយ​និង​ការវិនិយោគនៅតាម​ទីមូលដ្ឋាន។ នយោបាយ​រឹតបន្តឹង​កំពុង​បង្កភាពស្មុគស្មាញ​ដល់​ក្រុមហ៊ុន​វិនិយោគ ប៉ះពាល់​ទៅ​ដល់​គម្រោងការដា្ឋន​សាងសង់​ហេដ្ឋា​រចនាសម្ព័ន្ធ ហើយ​និង​ផ្ទះសម្បែង ដែល​តាមពិត​ជា​សសរគ្រឹះនៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន។

កំណើន​សេដ្ឋកិច្ចរបស់​មហាអំណាច​ចិនធ្លាក់​ថយចុះ នៅ​ចំ​ពេល​ដែល​ចិន​កំពុង​ធ្វើសង្រ្គាម​ពាណិជ្ជកម្ម​ជាមួយអាមេរិក។ អ្នកជំនាញមួយចំនួន​បាន​និយាយ​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC ថា ខណៈដែល​សេដ្ឋកិច្ច​របស់​ចិន​កំពុង​តឹងតែងដោយសារ​តែ​នយោបាយ​កាត់បន្ថយ ប្រាក់បំណុល ក្នុង​ស្រុក សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ជាអ្វី​ដែល​ប្រទេស​ចិន មិន​បាន​គិត​ស្មាន​ដល់​នោះទេ។

ការសម្រេច​របស់​លោកដូណាល់ ត្រាំ ក្នុង​ការដំឡើងពន្ធ​លើ​ទំនិញ​ចិន នាំចូល​ទៅ​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់​២៥០ពាន់​លាន​ដុល្លារ កំពុង​ពិន័យ​ទំនិញ​នាំ​ចេញ​របស់​ចិន ដែល​ជា​ម៉ាស៊ីន​សេដ្ឋកិច្ច​សំខាន់​របស់​ចិន។ ទោះបី​ជា​ការនាំចេញ​របស់​ចិន ប្រចាំ​ត្រីមាស​ទី៣ មិន​ទាន់​រងជាប់​ដង្កាប់​ពន្ធគយ​របស់​អាមេរិក ប៉ុន្តែគេវាយតម្លៃថា ផលប៉ះពាលល់់ជា​អវិជ្ជមាន​ទៅលើ​ការនាំចេញ​របស់​ចិន ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក-ចិននឹង​ស្តែង​ឲ្យ​ឃើញនៅ​ឆ្នាំក្រោយ៕ ម៉េវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print