ខេត្តកណ្តាល៖ យ៉ាងហោចណាស់មានមនុស្ស៧នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កដោយរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ផ្ទុះកង់ពេលកំពុងបើកបរនៅលើកំណាត់ផ្លូវជាតិលេខ៨ បណ្តាលឲ្យរេចង្កូតចូលទៅបុករថយន្តទួរីសបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង ។
កាលពីវេលាម៉ោង៧ និង៤០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម3A-1437 បើកបរដោយឈ្មោះ គឹម រម្យ ភេទប្រុស អាយុ២៨ឆ្នាំ (រងរបួសស្រាល) មានទីលំនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ រថយន្តហ៊ីយ៉ាន់ដាយមានអ្នករួមដំណើរជាមួយ៤នាក់រងរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ។ ចំណែកឯរថយន្តទួរីសម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2AB-8771 បើកបរដោយឈ្មោះ ស្រី ប៉ក់ ភេទប្រុស អាយុ៥៣ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិជីមាន់ ឃុំពញ្ញក្រែក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ រថយន្តទួរីសមានអ្នករួមដំណើរជាមួយ១២នាក់រងរបួសធ្ងន់ស្រាល៥នាក់ ក្រៅពីនេះបន្តិចបន្តួចតែប៉ុណ្ណោះ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តហ៊ីយ៉ាន់ដាយបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៨ ទិសដៅពីត្បូងទៅជើង ខណៈបើកដល់ចំណុចកើតហេតុបានផ្ទុះកង់មុខខាងឆ្វេង បណ្តាលឲ្យរេចង្កូតទៅឆ្វេងដៃចូលទៅបុករថយន្តទួរីសបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពេញមួយទំហឹង ធ្វើឲ្យរថយន្តទួរីសក្រឡាប់ផ្ងាជើងរបួសធ្ងន់-ស្រាល៧នាក់ ក្នុងនោះអ្នកជិះលើរថយន្តទួរីសចំនួន៦នាក់ នៅលើរថយន្តហ៊ីយ៉ាន់ដាយម្នាក់ ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នករងរបួសធ្ងន់៣នាក់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ រីឯ៣នាក់ទៀតរងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកខ្សាច់កណ្តាល ។ ដោយឡែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ធ្វើការវាស់វែងដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ