ភ្នំពេញៈ ស្ត្រីម្នាក់ជាមុខសញ្ញារកស៉ីបោកប្រាស់អ្នកលក់គ្រឿងអលង្កានៅក្នុងផ្សាច្បារអំពៅត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីស្ត្រីសង្ស័យរូបនេះប្រើល្បិចចូលទៅរកទិញខ្សែកមាសទម្ងន់១តម្លឹងយកមកពាក់ហើយបន្លំដូរដាក់ខ្សែកការឡៃអោយអ្នកលក់មាសវិញ ២ថ្ងៃក្រោយពីធ្វើសកម្មភាពត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ។
ករណីរកស៉ីបោកប្រាស់អ្នកលក់មាសនេះបានកើតឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងផ្សារច្បារអំពៅ ផ្ទះលេខលេខ៤៤ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ក្រោយពីប្រព្រឹត្តិបទល្មើសបាន២ថ្ងៃ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ត្រីសង្ស៍យបានចូលមកក្នុងផ្សាច្បារអំពៅម្តងទៀតក្នុងបំណងប្រើល្បិចបន្លំអ្នកលក់គ្រឿងអលង្កាម្តងទៀត ក៍ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ជនរងគ្រោះឈ្មោះឡុង នីឡេង ភេទ ស្រី អាយុ៣១ឆ្នាំ មុខរបរ លក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឈ្មោះម៉ាន ម៉ានរីយ៉ាន ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦A ផ្លូវ ជាតិលេខ៥សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច កាលពីថ្ងៃទី២០-១០-២០១៨ វេលាម៉ោង១៥និង០០នាទី ជនរងគ្រោះនិងប្តីកំពុងលក់គ្រឿងអលង្ការនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យដើរមកទិញគ្រឿងអលង្ការ ដោយឲ្យជនរងគ្រោះយកខ្សែកមាស ម៉ូតច្រវ៉ាក់ឆាប០១ខ្សែ ទម្ងន់ ០១តម្លឹងមកមើល រួចជនសង្ស័យយកខ្សែកមាសមកពាក់ក ពេលនោះ ជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យក៏បន្លំដោះខ្សែកកាឡៃ ដែលពាក់ជាប់កស្រាប់ឲ្យទៅជនរងគ្រោះទុកវិញ រួចសុំមើលខ្សែកម៉ូតផ្សេង ជនរង គ្រោះឆ្លើយថា ចាំមួយភ្លែត រួចជនសង្ស័យក៏ដើរចេញមកក្រៅគេចខ្លួនយកខ្សែកទៅលក់ឲ្យគេនៅម្តុំផ្សារទួលសង្កែបានលុយ១៤៣០ដុល្លារ យកលុយទៅសងគេអស់ ។
លុះដល់ថ្ងៃទី២២- ១០- ២០១៨ ម៉ោង១៤ និង០០នាទី ជនសង្ស័យដើរចូលក្នុងផ្សារច្បារអំពៅដើម្បីរកបន្លំលួចគ្រឿងអលង្ការគេទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាងរួមមាន ៖ ខ្សែកកាឡៃ ១៧ខ្សែ,ខ្សែដៃ កាឡែ១ខ្សែ, ចិញ្ជៀនកាឡៃ០៨វង់, ក្រវិលកាឡៃមានដាំត្បូងពណ៌ស០២គូ, បណ្តោងខ្សែកកាឡៃមានដាំត្បូងពណ៌ស០១, ទូរស័ព្ទដៃ០២គ្រឿង ម៉ាក iPhone៦ ពណ៌ទឹកមាស, ម៉ាក iPhone៥ ពណ៌ផ្កាឈូក លុយដុល្លារ២ដុល្លារ, លុយខ្មែរ៦០០០រៀល,កាបូបក្រវ៉ាត់ចង្កេះពណ៌ខ្មៅ ០១ និងថង់ប្លាស្ទិចពណ៌ខ្មៅ០១ ។
បច្ចុប្បន្នស្ត្រីសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស
...