ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានក្រុមគ្រួសារនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនដោយពាក់ព័ន្ធករណីល្បួងលួងលោមនារីរងគ្រោះដែលមានសតិមិនគ្រប់រំលោភសេពសន្ថវៈរហូតមានផ្ទៃពោះ៥ខែ ។
ការចាប់ខ្លួនជនសង្ស័យ ក្នុងករណីរំលោភសេពសន្ថវៈនារីមានសតិមិនគ្រប់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង០០នាទី នៅត្រង់ចំណុចភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវដោយកម្លាំងនគបាលស្រុកបាទីសហការជាមួយនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលដូង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃីង សុគន្ធ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ចំណែកនារីរងគ្រោះមានឈ្មោះ ហ.ឡ អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិជាមួយជនសង្ស័យដែរ។
សមត្ថកិច្ចបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួងលោមនារីរងគ្រោះរំលោភសេពសន្ថវៈរហូតនាងមានផ្ទៃពោះ៥ខែកាលពីអំឡុងដើមឆ្នាំ២០១៨រហូតដល់ពេលនេះទើបបែកការក៏ត្រូវក្រុមគ្រួសារជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តងទៅ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋានគបាលស្រុកបាទី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី ៕