ខេត្តត្បូងឃ្មុំ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងអ្នកជិះកង់ និងបើកបរម៉ូតូ បណ្តាលឲ្យ ភាគីសងខាងរងរបួសធ្ងន់ដូចគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីនៅម៉ោង១៨ និង៥នាទី ល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ តាមបណ្តោយផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៩-២១០ ស្ថិតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ប្រភពព័ត៌ពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកជិះកង់ ពណ៌ខ្មៅ ឈ្មោះ លឹម ហេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមេមត់កណ្ដាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់) ។ គាត់ធ្វើដំណើរពីទិសខាងត្បូង ទៅទិសខាងជើង ចេញពីក្លោងទ្វារវត្តត្រមូងឆ្លងផ្លូវស្របពេលដែលម៉ូតូម៉ាក ណេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អឿន សាម៉េត ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុក មេមត់ ខេត្តត្បូងឃ្មុំ មិនពាក់មួកសុវត្ថិភាព (រងរបួសធ្ងន់) ពីទិសខាងលិចទៅទិសខាងកើត ក្នុងល្បឿនហួស កំណត់ ទើបបណ្តាឲ្យបុកអ្នកជិះកង់នោះយ៉ាងពេញទំហឹងតែម្តង ។
បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានជំនាញនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមេមត់ ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ។ ចំណែកអ្នករងរបួសទាំងពីរនាក់បានបញ្ជូនទៅកាន់ មន្ទីពេទ្យបង្អែកស្រុកមេមត់ ដើម្បីសង្គ្រោះជីវិត ៕ វណ្ណៈ