ដើម្បីសម្រេចគោលដៅពង្រីកអំណាចរបស់ខ្លួនចិនមានគម្រោងផលិតសព្វាវុធជាច្រើនប្រភេទទៀត ដែលមានភាពទំនើបមិនចាញ់យន្តហោះអាមេរិកនោះឡើយ។ ក្រៅពីការផលិតនាវាផ្ទុកយន្តហោះទី២ចិនក៏មានគម្រោងផលិតយន្តហោះទម្លាក់គ្រប់ធុនធំដូចយន្តហោះB-52ឬB-1របស់អាមេរិក។
តាមសារព័ត៌មាន China Daily គម្រោងផលិតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរយៈចម្ងាយឆ្ងាយ ត្រូវបានរៀបចំធ្វើឡើងដោយការិយាល័យជំនាញនៃកងទ័ពចិន និងបានទទួលនូវការឯកភាពពីសំណាក់លោកប្រធានាធិបតីស៊ី ជីនពីង។គោលដៅដែលបានដាក់ចេញដោយកងទ័ពចិន គឺចង់បានយន្តហោះទម្លាក់គ្រាប់បែក ដែលអាចផ្ទុកគ្រាប់បែកបានច្រើន និងអាចហោះទៅធ្វើការវាយប្រហារបានឆ្ងាយរហូតដល់តំបន់មហាសមុទ្រ ប៉ាស៊ីហ្វិក។
នៅពេលនេះចិនទទួលស្គាល់ថាខ្លួននៅមានការយឺតយ៉ាវច្រើនខាងវិស័យបច្ចេកវិទ្យា យោធា ហើយគម្រោងផលិតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តនេះអាចនឹងត្រូវ ចំណាយពេលជាច្រើនឆ្នាំ ហើយត្រូវធ្វើជាដំណាក់កាល។នៅក្នុងដំណាក់កាលដំបូង ចិនគ្រោងផលិតឲ្យបាននូវយន្តហោះទម្លាក់គ្រាប់បែក ដែលអាចផ្ទុកគ្រាប់បែកបាន ១០តោន និងអាចធ្វើការវាយប្រហារនៅក្នុងរង្វង់ ៨ពាន់គីឡូម៉ែត្រ ដោយមិនចាំបាច់ចាក់សាំងលើអាកាស ពោលគឺ អាចហោះទៅវាយប្រហារដល់កោះមួយចំនួនរបស់អាមេរិក នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ យន្តហោះទម្លាក់គ្រាប់បែកនៅក្នុងគម្រោងដំណាក់កាលដំបូងនេះ មិនទាន់មានសមត្ថភាពបំបាំងកាយពីរ៉ាដា ដូចជា យន្តហោះទម្លាក់គ្រាប់បែកធុន B-2 របស់អាមេរិកនៅឡើយទេ ដោយសារតែបច្ចេកវិទ្យាបំបាំងកាយនេះ វាហួសពីសមត្ថភាពរបស់ចិន។
នៅពេលអនាគត់ចិនមានគម្រោងផលិតយន្តហោះទម្លាក់គ្រប់បំបាំងកាយដែលអាចទៅវាយលុកនៅគោលដៅរបស់សត្រូវមិនអាចតដៃបាន៕