ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៦ តុលា ២០១៨ កម្លាំងមន្ទីរយុត្តិធម៌របស់បញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជូន ឃាតករកាប់ជនរងគ្រោះនឹងពូថៅដេកស្លាប់ក្នុងថ្លុកឈាមនៅស្រុកអង្គស្នួល មកដល់តុលាការហើយ។
មន្ត្រីតុលាការបានប្រាប់អោយដឹងដា បច្ចុប្បន្នឃាតករ កំពុងស្ថិតក្រោមការសាកសួររបស់លោកទិន សុចិត្រាព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យខាងតំណាងអយ្យការសាលាដំបូងខេត្តកណ្តាល។
ជនដៃដល់ឈ្មោះ ហេង ស៊ីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅភូមិបឹងជ្រែង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ជនរងគ្រោះឈ្មោះ ភាព គឿន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុសរថយន្ត មានស្រុកកំណើតនៅភូមិសូរិយា ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង។
សូមរំលឹកថា សំណុំរឿងឃាតកម្មគិតទុកជាមុន កាប់នឹងពូថៅនៅស្រុកអង្គស្នួល បណ្តាលអោយបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម៌ ឃាតករត្រូវបានចាប់ខ្លួនបានហើយ បន្ទាប់ពីធ្វើការសុើបអង្កេតស្រាវជ្រាវ អស់រយ:ពេលបួនថ្ងៃ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង០៥នាទីថ្ងៃសៅរ៏១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវបំបែកជា០៥ស្ថិតក្នុងភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កណ្តាលបានអោយដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានបញ្ជាឲ្យកម្លាំងជំនាញខេត្តនិងស្រុក ចុះដល់ទីតាំងកើតហេតុភ្លាមៗ ដោយបានធ្វើការតាមជំនាញនីតិវិធីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ។ ក្រោយពីជំនាញចុះស្រាវជ្រាវតាមនីតិវិធីជំនាញ ក្រោមបញ្ជានិងការយកចិត្តទុកដាក់ទាំងមធ្យោបាយ ថវិកា របស់លោក ឧ.មេបញ្ជាការ លោកមេបញ្ជាការរងទទួលការងារជំនាញ វ.ឯក ទូច អីុណាន បានចុះដឹកនាំផ្ទាល់កម្លាំងជំនាញខេត្តនិងស្រុកពាក់ព័ន្ធ សហការជាមួយស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម បានពុះពារស្វែងរកមុខសញ្ញាជនសង្សយ័តាមបច្ចេកទេសបទពិសោធន៌ជំនាញ ជាបន្តបន្ទាប់ដោយជនឃាតកបានរត់គេចទៅលាក់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងចុងក្រោយសង្ងំលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៨ កម្លាំងជំនាញស្រាវជ្រាវរកចាប់បានជនសង្សយ័ឈ្មោះ ហេង ស៊ីរ៉ា នៅវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះវេរលុយ ទ្រូម៉ាន់នី ជាប់ផ្លូវជាតិលេខ៦.អា ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសម្រេចបាននូវ លទ្ធផលដ៏ល្អប្រសើរខាងលើក៏ដោយសារមានការសម្របសម្រួលកិច្ចនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តពាក់ពន្ធ័ តាមដំណាក់កាលនិមួយៗក្នុងការពន្លាតសមត្ថកិច្ចដែនដីផងដែរ និងដោយមានកិច្ចសហការល្អរវាងជំនាញកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័ ឃាតករ រូបនេះបានសារភាពថាក្រោយពីខ្លួនមានទំនាស់ពាក្យសំដីឈ្លោះប្រកែក វាយតប់គ្នាជាមួយជនរងគ្រោះនៅកន្លែងផឹកសុីខាងលើ រូបគេ(ជនសង្សយ័)ក៏យកពូថៅមកកាប់ក្បាលជនរងគ្រោះតែម្តង ហើយក៏រត់ទៅលាក់ខ្លួននៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងចុងក្រោយលាក់ខ្លួននៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនពេលរូបគេកំពុងវេរលុយនៅផ្ទះវេរលុយជាប់ផ្លូវជាតិលេខ៦.អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ តែម្តង៕ ឆ ដា