ស្រវឹងស្រាលេបខាយប្រពន្ធគេ គ្រាន់តែប្ដីគេថាបន្ដិចបន្តួចយកខ្សែក្រវ៉ាត់វាយរងរបួសក្បាលយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ស្រវឹងស្រាជោគជាំទៅលេងបុណ្យកឋិនទានក្នុងវត្ដ ឃើញស្រ្ដីជាអ្នកលក់ដូរគ្រឿង​ក្លែមនៅក្នុងបរិវេណវត្ដមើលទៅទំនង ក៏បែកគំនិតទៅលែបខាយពាក្យសម្ដីមិនសមរម្យទៅលើស្រ្ដីជាអ្នកលក់ ធ្វើឲ្យបុរសជាប្ដីរបស់ស្រ្ដីនោះមានចិត្ដប្រច័ណ្ឌក៏បាននិយាយបន្ដិចបន្តួចទៅលើជនសង្ស័យ ធ្វើឲ្យជនសង្ស័យខឹងក៏យកខ្សែរក្រវ៉ាត់ទៅវាយជនរងគ្រោះជាប្ដីស្រ្ដីលក់ដូរ បណ្ដាលឲ្យទទួលរងរបួសបែកក្បាលយ៉ាងដំណំ ។

ករណីហិង្សាដោយចេនាខាងលើនេះបានកើតឡើងនៅវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបរិវេណវត្តខ្ពប ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហូ ហាក់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកប៉ុក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ សេន លាង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ  ខេត្តកណ្តាល  ។  ចំណែកវត្ថុតាងដកហូតបានមាន៖ ខ្សែរក្រវ៉ាត់ចំនួន១ ពណ៌ខ្មៅ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជោគជាំ បន្ទាប់ពីផឹករួចមកដល់វេលាយប់ ជនសង្ស័យបានទៅលេងបុណ្យកឋិនទានក្នុងវត្ដខ្ពប ដោយក្នុងកម្មវិធីបុណ្យនោះមានតន្រ្ដីសម័យលេងផងដែរ ហើយជនសង្ស័យបានមើលតន្រ្ដីរហូតដល់ចប់ ក្រោយពីមើលចប់ ជនសង្ស័យបានដើរទៅរកកន្លែងផឹក​បន្ត​ទៀត ដោយចូលទៅកន្លែងលក់ដូរគ្រឿងក្លែមរបស់ប្រពន្ធជនរងគ្រោះ ដោយឃើញស្រ្ដីប្រពន្ធជនរងគ្រោះមើលទៅទំនង ក៏លែបខាយពាក្យសម្ដីមិនសមរម្យទៅលើស្រ្ដីជាអ្នកលក់ ជាហេតុធ្វើឲ្យប្ដីរបស់ស្រ្ដីរងគ្រោះមានចិត្ដ​ខឹងនិងប្រច័ណ្ឌ ក៏ថាឲ្យជនសង្ស័យបន្ដិចបន្ដួចនិងដេញជនសង្ស័យចេញពីកន្លែងលក់ដូរ ធ្វើឲ្យជនសង្ស័យ​ខឹង ក៏ទាញខ្សែរក្រវ៉ាត់ទៅវាយក្បាលជនរងគ្រោះមួយខ្សែរក្រវ៉ាត់ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះបែកក្បាលរងរបួសយ៉ាងដំណំ ។

ប្រភពដដែលបានបន្ដទៀតថា ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាលបាលនៅមន្ទីរពេទ្យ  រីឯជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print