មានអ្នកលួចចល័តផ្ទះទឹកទាំងយប់ អស់១០ផ្ទះ ចេញពីទីតាំងដែលអាជ្ញាធរកំណត់នៅស្រុកបរិបូរណ៍

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះបណ្តែតទឹកនៅស្រុកបរិបូរណ៍ ដែលរំកិលមកដល់ទីតាំងរបស់អាជ្ញាធរបានកំណត់នោះ បានលួចចល័តចេញទាំងយប់ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ដើម្បីគេចវេះមិនព្រមចូលមករស់នៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរនៅតំប់នោះ ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីប្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នេះ ផ្ទះបណ្តែតទឹកចំនួន១០ខ្នងផ្ទះ បានលួចរំកិលចល័តចេញពីទីតាំង ប៉ុន្តែនៅព្រឹកថ្ងៃទី២៨ ខែតុលា ត្រូវបានអាជ្ញាធរស្រុកបានដឹងទាន់ក៍ត្រូវបានដាក់កម្លាំងឲ្យកៀងចូលទីតាំងចាស់វិញដែលអាជ្ញាធរកំណត់រួចហើយ ។

តាមប្រភពត្រូវបានគេទម្លាយឲ្យដឹងថា មូលហេតុដែលម្ចាស់ផ្ទះបណ្តែតទឹក បានលួចចល័តចេញពីទីតាំងនោះ ដោយសារតែបណ្តាផ្ទះទឹកមួយចំនួនដែលអាជ្ញាធរកំណត់ឲ្យចូលទីតាំងថ្មីចូលមកមិនអស់ អ្នកខ្លះអត់បក្ខពួក អត់ខ្សែ កៀងចូលអស់រលីង ចំពោះម្ចាស់ផ្ទះបណ្តែតទឹកណាដែលមានខ្នង មានបក្ខពួក ក៍ចេះតែនៅតាមទីតាំងចាស់តែរហូតទៅ ឈលើទីតាំងចាស់រកស៊ីដដែល ។ ដោយសារតែមើលគ្នាទៅវិញទៅមកដូចនេះ ហើយទើបអ្នកដែលបានចូលទៅនៅទីតាំងរបស់អាជ្ញាធរ កំណត់ មានការអន់ចិត្ត ឃើញគេ នៅខាងក្រៅបាន ក៍នាំគ្នាចេញមកខាងក្រៅដូចគេឯងដែរ ។

ប៉ុន្តែដោយសារតែអាជ្ញាធរឃើញ និងដឹងទាន់ ក៍ប្រញាប់អូសផ្ទះបណ្តែតទឹកដែល លួចចេញទាំងយប់ឲ្យមកចូលកន្លែងដើមវិញ ។

ជុំវិញការចល័តផ្ទះទឹកនៅខេត្តកំពង់ឆ្នាំងប្រជាពលរដ្ឋបានបញ្ចេញមតិខ្លះគាំទ្រ និង ខ្លះមិនគាំទ្រ ហើយបានលើកឡើងថា ប្រសិនបើ ធ្វើនេះដើម្បីអនាម័យ បរិស្ថាន ធម្មជាតិ និងសោភ័ណភាពនោះ ប្រជាពលរដ្ឋខ្លះបានអបអរសាទរ និង គាំទ្រនិងចូលរួមអបអរសាទរ ហើយពលរដ្ឋមួយចំនួនក៍ធ្វើការរិះគន់ផងដែរ ថាចំណាត់ការនេះគឺគ្រាន់តែដើម្បីប្រយោជន៍របស់អ្នកមានលុយស្តុកស្តម្ភមួយចំនួនប៉ុណ្ណោះ ។ ព្រោះថា ទីតាំងដែលអាជ្ញាធរកំណត់ឲ្យបណ្តាលផ្ទះទឹកចូលទៅរស់នៅនោះ សុទ្ធតែជាដីរបស់អ្នកមានលុយគ្រាក់ៗទាំងក្នុងខេត្ត និង ក្រៅខេត្ត ដែលជាខ្សែ របស់អ្នកមានអំណាចទៀតផង ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print