ភ្នំពេញ ៖ បុរសពីរនាក់បើកម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរពីរនាក់ កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវហាណូយកែងនិងផ្លូវ១៩៧០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសវ័យជាង៤០ឆ្នាំម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុង CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2M-5617 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៧០ ក្នុងទិសដៅពីកើតទៅលិច ។
ខណៈមកដល់ចំណុចកើតហេតុរថយន្តបានបើកឆ្លងផ្លូវហាណូយបំរុងបត់ឆ្វេងឆ្ពោះទៅផ្សារដីហុយ ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DG-8756 បើកតាមបណ្ដោយផ្លូវហាណូយក្នុង ទិសដៅពីត្បូងទៅជើង បានជ្រុលទៅបុករថយន្តដែលបើកឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យរថយន្តដាច់ក្រឡេកង់និងកំពឹតផ្នែកខាងមុខចំហៀងខាងឆ្វេង។
ចំណែកម៉ូតូបុរសដែលជាអ្នកបើកបរម៉ូតូរងរបួសបាក់ដៃឆ្វេងនិងបាក់ភ្លៅទាំងសងខាងហើយក៏ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន រស្មីដឹកយកទៅសង្គ្រោះភ្លាមៗ រីឯអ្នករួមដំណើរបានរបួសសន្លប់ស្ដូកស្ដឹងត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនហុងហាក់ដឹងយកទៅសង្គ្រោះភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ បានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ