ភ្នំពេញ ៖ មានការផ្សព្វផ្សាយតាមផ្ទាំងឃោសនា អំពីការព្យាបាលជំងឺផ្សេងៗ រហូតដល់ជំងឺអេដស៍ ដែលហ៊ានធានាថានឹងព្យាបាលជាដាច់ ។ បញ្ហានេះ មជ្ឈដ្ឋានជាច្រើន សំណូមពរដល់លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ដែលការឃោសនាបែបនេះ គឺ ជាការបំផ្លើសការពិតទាំងស្រុង ។
ផ្ទាំងឃោសនាមួយ ដែលមានយីហោ “ឱសថបុរាណ ឱសថទេព ពៅ អភិសិទ្ធ”សរសេរថា មានទទួលព្យាបាលជំងឺអេដស៍ មហារីកខួរក្បាល មហារីកសួត មហារីកថ្លើម មហារីកក្រពះ ពោះវៀន មហារីកដោះ មហារីកស្បូន មហារីកច្រមុះ ឈាមសស៊ីឈាមក្រហម ទឹកនោមផ្អែម លើសឈាម ទឹកនោមប្រៃ ជំងឺទូទៅ ធានាជាដាច់ ។
ប្រជាពលរដ្ឋខ្លះ ដែលពុំសូវមានការយល់ដឹង បានធ្លាក់ក្នុងអន្លង់នៃការឃោសនាបែបនេះ ធ្វើឱ្យបាត់បង់ប្រាក់កាក់ ហើយពេលខ្លះទៀត ការព្យាបាលដោយមិនត្រឹមត្រូវ អាចប៉ះពាល់ដល់សុខភាពលើសដើមថែមទៀតផង ។
មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងមានវិធានការជុំវិញបញ្ហានេះ ៕ចេស្តា