ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន ប្រជាពលរដ្ឋជាច្រើនបានរិះគន់យ៉ាងខ្លាំងទៅលើអស់លោក សមត្ថកិច្ចជំនាញដែលឃុបឃិតគ្នាពីថ្នាក់ស្រុករហូតដល់ខេត្តដែលបានបើកដៃឲ្យមានការលក់ដែនឡូត៍នេសាទ និងមាន ថៅកែ គ្រប់គ្រងដែនឡូត៍ទាំងនោះដដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅធ្វើស្រែចំការ របស់ពួកគាត់ជារៀងរាល់ថ្ងៃ ដែនឡូត៍នេសាទដែលមាន ថៅកែ ឡូត៍ គ្រប់គ្រងរាល់ថ្ងៃនេះ គឺ ឡូត៍លេខ ១៣ ចំណុច ព្រែកយួន ចំណុច ព្រែក បាញ់លៈ ចំណុច ព្រែក ម្លិច និងដែនឡូត៍ ១៤ ចំណុច ព្រែកភ្លង ចំណុច ព្រែក ឆ្នុកអណ្តែង ចំណុច ព្រែកជ្រៅ ដែលស្ថិតក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។
មតិរិះគន់ដដែលនោះបានបន្តទៀតថា អស់លោក សមត្ថកិច្ចជំនាញពីថ្នាក់ ស្រុករហូតដល់ខេត្ត កំពង់តែអនុវត្តន៍ ផ្ទុយនិងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមកជាបន្តបន្ទាប់ឲ្យមន្ត្រីជំនាញក្រោមឱវាទក្នុងខេត្តកំពង់ឆ្នាំង ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសនេសាទដែលកើតមាននៅលើអាណាចក្រ របស់ខ្លួនគ្រប់គ្រងតែពួកគាត់មិនដែលឃើញអស់លោក មន្ត្រីជំនាញ ក្នុងខត្តកំពង់ឆ្នាំង ចុះបង្ក្រាប បទល្មើសនេសាទឲ្យមានប្រសិទ្ធភាពម្តងណាឡើយ ក្រៅពីទៅយកលុយពីឈ្មួញឡូត៍នេសាទនោះ ។
បើតាមប្រភពព័ត៌មានពីប្រចាពលរដ្ឋស្រុក ជលគិរី វិញបានឲ្យដឹងថា រាល់ថ្ងៃនេះធនធានជលផលកំពុងទទួលរងនូវការបាត់បង់អស់ស្ទើរទាំងស្រុងដោយក្រុមពួក ថៅកែ ឡូត៍នេសាទ ទាំងនោះធ្វើសកម្មភាពដាក់ដាយចាប់ត្រីបង្ហូរចាប់ត្រីចេញពីក្នុងកន្លែងអភិរក្សត្រីមេពូជ ដឹកត្រីលក់យ៉ាងគគ្រឹកគ្រេងទាំងយប់ទាំងថ្ងៃ ដោយពុំញញើត និង សមត្ថកិច្ចជំនាញសោះឡើយព្រោះគេអះអាងថាបានរត់ការបង់លុយឲ្យសមត្ថកិច្ចជំនាញពីថ្នាក់ស្រុករហូតដល់ខេត្តរួចរាល់អស់ហើយ ។
ពាក់ព័ន្ធការរិះគន់ខាងលើនេះ ភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបញ្ជាក់ពីអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញបានឡើយកាលពីរសៀលថ្ងៃទី៣០ខែតុលានេះ ។
សូមបញ្ជាក់ថា កន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកាត់រំសាយដែនឡូត៍នេសាទទាំងអស់ចំនួន ៣៥ ឡូត៍នេសាទនៅជុំវិញបឹងទន្លេសាប(ថ្ងៃទី ៧ ខែ មីនា ឆ្នាំ២០១២) ដើម្បីប្រគល់ជូនប្រជានេសាទមួយភាគសម្រាប់ពួកគាត់ប្រកបមុខរបរនេសាទជាលក្ខណៈគ្រួសារគ្រាន់បានប្រាក់ចំណូលខ្លះយកមកទ្រទ្រង់ជីវភាពក្នុងគ្រួសារ របស់ពួកគាត់ប្រចាំថ្ងៃ រីឯមួយភាគទៀតត្រូ ថែរក្សាការពារទុកជាកន្លែងអភិរក្សត្រីមេពូជ ។
ការកាត់រំសាយដែនឡូត៍នេសាទ ទាំងអស់នៅជុំវិញបឹងទន្លេសាប ប្រមុខរាជរដ្ឋាភិបាល កម្ពុជា មិនឲ្យមានថៅកែឡូត៍នេសាទគ្រប់គ្រងដែនឡូត៍នេសាទទាំងនោះបន្តទៀតនោះទេហើយហាមដាច់ខាតមិនឲ្យថៅកែឡូត៍នេសាទរក្សាទុក ឧបករណ៍នៅក្នុងដែនឡូត៍នោះផងដែរដោយឲ្យយកឧបករណ៍ទាំងអស់នោះចេញឲ្យឆ្ងាយពីដែនឡូត៍នេសាទដែលបានត្រូវកាត់រំសាយ ។ ប៉ុន្តែនៅស្រុក ជលគិរី នេះ សមត្ថកិច្ចជំនាញបែរជាបើកដៃឲ្យឈ្មួញប្រើឧបករណ៍ទំនើបៗនេសាទត្រី មិនញញើតឡើយ ៕