ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីយុវជន៦នាក់ បានចូលខារ៉ាអូខេ ខ្វះលុយឲ្យគេ ចោទប្រកាន់ថា ម្ហូបថ្លៃពេក នាំគ្នាឈ្លោះប្រកែក ជាមួយម្ចាស់ហាង ផ្អើលអស់សមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២០០៤(ហៅផ្លូវម៉ៃដា) ដែលមានយីហោញូវស្កាយ ដែលស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
យុវជនទាំង៦នាក់ខាងលើ មិនបញ្ជាក់ឈ្មោះ ដោយជិះរ៉ឺម៉កកង់បី ឡាំប៉ាតាឥណ្ឌា មួយគ្រឿង ។
តាមប្រភពព័ត៌មានពីយុវជនទាំង៦នាក់ខាងលើបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាមកផឹកសុីផ្លូវ២០០៤ ហើយបុគ្គលិកហាងខាងលើ បានមកស្ទាក់ផ្លូវគាត់ប្រាប់តម្លៃស្រាក្នុងមួយកេះតម្លៃ៣៥ដុល្លារហើយហ្វ្រីម្ហូប៤មុខទៀត ព្រមទាំងស្រីស្អាតអង្គុយកំដរមួយម្នាក់ទៀតផង ។
បន្ទាប់មក ពួកគាត់មើលទៅក្នុងតម្លៃសមល្មមបាននាំគ្នាចូល ខណៈដែលពួកគាត់ផឹកអស់ចំនួនមួយកេះហើយ ហើយបានគិតលុយអស់ចំនួន៨០ដុល្លារ ។ ពេលនោះពួកគាត់បានឆ្ងល់អស់ថ្លៃម្ល៉េះ និយាយគ្នា៣៥ដុល្លារ ម្តេចឃើញចំនួន៨០ដុល្លារ មានលុយឯណាឲ្យទៅ ក៏ឈ្លោះជាមួយម្ចាស់ហាងតែម្តង ។
បើតាមសំដីម្ចាស់ហាងខាងលើបាននិយាយប្រាប់ថា តម្លៃស្រាមួយឈុត និងម្ហូបហ្វ្រី៤ចានតម្លៃ៣៥ដុល្លារ និងហៅថែមចំនួន៥ចានទៀតឡើងដល់ចំនួន៨០ដុល្លារម្ដេចថា គិតលុយលើស ហើយយុវជនម្នាក់ក្នុងដំណាង៦នាក់បាននិយាយថា មុខម្ហូបទាំង៥មុខខាងលើ ពួកគាត់មិនបានហូបឡើយ គឺខាងស្រីៗជានាក់ហូបទេ ម្តេចក៏គិតដែរ ។
ចំណែកម្ចាស់ហាងបាននិយាយប្រាប់ថា ស្រីៗហូប ព្រោះនាងថា ពួកបងៗជាអ្នកឲ្យហូប ។
ក្រោយពេលកើតហេតុ ទើបប្តឹងដល់នគរបាលប៉ុស្តិ៍មកសម្របសម្រួលនៅកន្លែងកើតហេតុហើយភាគីទាំងសងខាងបានបញ្ចប់ក្នុងតម្លៃ២៤ម៉ឺនរៀល ៕ សុខាសែនជ័យ