កាលពីខែតុលាកន្លងមក ព្យុះMangkhut បានវាយប្រហារហ្វីលីពីន បណ្តាលឲ្យមនុស្ស ជាច្រើនស្លាប់និងរបួស ។សារព័ត៌AP បានផ្សាយថា ព្យុះ កំណាចខាងលើ បានសម្លាប់ មនុស្ស ៦៤នាក់ ដោយសារតែ បាក់ដីនឹងទឹកជំនន់។
លោក Francis Tolentino ទីព្រឹក្សា ជាន់ខ្ពស់ របស់ប្រធានាធិបតី Rodrigo Duterte បានបញ្ចាក់ថា មានមនុស្ស ជាង ៥,៧លាននាក់ រងផលប៉ះពាល់ ដោយព្យុះ ។ជាមួយគ្នានេះដែរ នៅក្នុងខែវិច្ឆិកានេះ នឹងមានព្យុះ កំណាចពីរទៀត នឹងវាយប្រហារមកលើហ្វីលីពីន ។
តាមទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្សាយថា អាជ្ញាធរតាមដានអាកាសធាតុហ្វីលីពីនបានព្យាករណ៍ថា ប្រទេសហ្វីលីពីន អាចនឹងទទួលរងការវាយប្រហារ ដោយព្យុះទីហ្វុងមួយ ឬពីរទៀតក្នុងខែវិច្ឆិកានេះ។
បើតាមអ្នកជំនាញផ្នែកឧតុនិយមហ្វីលីពីន ជាទូទៅនាអំឡុងពេលចុងឆ្នាំបែបនេះ ព្យុះទីហ្វុងភាគច្រើនតែងវាយលុកលើតំបន់ភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន ហើយពួកវានឹងវិវត្តន៍ខ្លួនឡើងនៅលើមហាសមុទ្រប៉ាស៉ីហ្វិក ឬនៅក្នុងដែនសមុទ្រនៃប្រទេសហ្វីលីពីនតែម្តង។
គួរជម្រាបថា ថ្មីៗនេះព្យុះទីហ្វុងឈ្មោះថា យូទូ (Yutu) ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងតិច ១៥នាក់ និងធ្វើឲ្យជាច្រើននាក់ទៀតបាត់ខ្លួននោះ ទើបតែបានចាកចេញពីទឹកដីហ្វីលីពីន កាលពីថ្ងៃពុធសប្តាហ៍មុនប៉ុណ្ណោះ។ បើតាមអ្នកជំនាញ ហ្វីលីពីនតែងទទួលរងគ្រោះពីព្យុះទីហ្វុងកម្រិតធ្ងន់ នាអំឡុងត្រីមាសចុងក្រោយជារៀងរាល់ឆ្នាំ។ ព្យុះទីហ្វុង Yutu គឺជាព្យុះទីហ្វុងទី ១៨ ដែលបានវាយប្រហារលើហ្វីលីពីនក្នុងឆ្នាំ២០១៨ ខណៈប្រទេសអាស៊ាននេះ ជាធម្មតារងការវាយលុកពីព្យុះទីហ្វុងជាមធ្យមចំនួន ២០ ពីមួយឆ្នាំទៅមួយឆ្នាំ៕ រំដួល