រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ៖​ យុវជនត្រូវចូលរួម​ការពារភពផែនដីរបស់យើង

ចែករំលែក៖

ភ្នំពេញ​៖យុវជនត្រូវចូលរួមក្នុងការការពារភពផែនដីរបស់យើង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការសន្សំសំចៃការប្រើប្រាស់ទឹក ចរន្តអគ្គិសនី និងចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិរបស់ យើងឱ្យបានសកម្មបំផុត។ នេះគឺជាការលើកឡើងរបស់លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះក្នុងវិទិកាយុវជនស្តីពី “តួនាទីយុវជនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ”​រៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដោយមានការចូលរួមពីយុវជនប្រមាណ ២០០នាក់ នៅវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង។

ដោយបានគូសបញ្ជាក់ពីបេសកកម្មរបស់ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍន៍ដោយចីរភាព លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាកាលដែលយុវជនមានការយល់ដឹងខ្ពស់ពីបញ្ហាការប្រែប្រួលអាកាសធាតុគឺពិតជាមានសារៈសំខាន់ដើម្បីឱ្យយុវជនអាចចូលរួមក្នុងការកាត់បន្ថយផលប៉ះពាល់ដែលកើត ចេញពីការប្រែប្រួលអាកាសធាតុ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាសាកល ដែលប្រទេសទាំងអស់ត្រូវតែយកចិត្តទុកដាក់ចូលរួមដោះ ស្រាយ។ កំណើនឧស្ម័ន ផ្ទះកញ្ចក់នៅក្នុងបរិយាកាសនឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុកាន់តែ ធ្ងន់ ធ្ងរ។ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហា គំរាម កំហែងពិត ប្រាកដមួយ ហើយប្រសិនបើយើង មិនគិតគូរទេនោះ ឥទ្ធិពលនិងផលប៉ះពាល់ របស់វា មកលើការ អភិវឌ្ឍសេដ្ឋកិច្ច ជាតិ របស់យើង ។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាច្រើន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយរួមបញ្ចូលទាំងការ រៀបចំផែនការយុទ្ធសាស្រ្ត គោលនយោបាយ និង កម្មវិធីសមស្របនានា»។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានលើកឡើងថាកម្ពុជាមិនមែនជាប្រទេសដែលបង្កឱ្យកើតមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាប្រទេសដែលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេស កំពុងអភិវឌ្ឍនានា គឺមិនអាចកាត់ផ្តាច់ចេញពីកិច្ចខិតខំ ធានាបាននូវសន្តិសុខថាមពល ទឹក និងស្បៀង អាហារ ការ កាត់បន្ថយភាពក្រីក្រ និងជារួមពីគោលដៅអភិវឌ្ឍ ដោយ ចីរភាពបានឡើយ។

ប្រការសំខាន់មួយ ទៀត នៅ ក្នុង នយោបាយភូមិសាស្រ្ត គឺការធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាព ដែលជាលក្ខខណ្ឌ ចាំបាច់ សម្រាប់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងជួយការពារភពផែនដីឱ្យមាន បរិស្ថានល្អ និងមានអាយុវែង លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានលើកទឹកចិត្ត យុវជនឱ្យចូលរួមក្នុងការការពារបរិស្ថាន និងភពផែនដីដោយមិនចោលសំរាមផ្តេសផ្តាស់ ត្រូវថែរក្សាអនា ម័យបរិស្ថានឱ្យបានល្អស្អាត ចូលរួមដាំដើមឈរបង្កើតភាពបៃតង និងសំខាន់ជាងនេះគឺការសន្សំសំចៃ ការប្រើប្រាស់ទឹក ចរន្តអគ្គិសនីដោយបិទកុងតាក់ភ្លើងពេលឈប់ប្រើប្រាស់ ឬប្រើអំពូលភ្លើងដែលប្រើប្រាស់ចរន្តអគ្គិសនីតិចជាដើម៕

...

ដោយ៖ ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print