ខេត្តកំពង់ចាម៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមស្ម័គ្រចិត្តណាហ្គាវើលបេះដូងសប្បុរស ដឹកនាំដោយលោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិកនិងការងារសង្គមណាហ្គាវើល បាននាំយកដើមឈើ និងអ្នកមានបទពិសោធន៍លេងបាល់ទះ ទៅលេងនិងដាំជាមួយសិស្សានុសិស្សវិទ្យាល័យ ហ៊ុនសែនសង្កើប ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
លោក James Maនាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើលបានមានប្រសាសន៍ថា “អស់រយៈពេល ២០ឆ្នាំមកហើយ តាំងពីការកកើតរបស់ខ្លួន ក្រុមហ៊ុនណាហ្គាវើលបាននឹងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រទេសកម្ពុជា។ នៅឆ្នាំ២០១៤ ណាហ្គាវើលបេះដូងសប្បុរសបានបង្កើតដោយបុគ្គលិកដោយមានការគាំទ្រពីក្រុមហ៊ុនណាហ្គាវើលសម្រាប់រាល់សកម្មភាពការងារសង្គមទាំងអស់ ហើយកម្មវិធីនេះផ្តោតលើការអភិវឌ្ឍន៍ វិស័យកីឡា វិស័យអប់រំ និងបរិស្ថានក្នុងចំណោមប្រជាជនកម្ពុជា ជាពិសេសកុមារនៅតាមបណ្តាខេត្ត។ តាមរយៈកម្មវិធីការងារសង្គមរបស់យើង យើងបានផ្តល់កម្មវិធីជាច្រើនដូចជា ការបណ្តុះបណ្តាលកីឡាបាល់ទាត់ និងការចែកសម្ភារកីឡា ការបង្កើតបណ្ណាល័យ ការរៀបចំការប្រឡងប្រជែងកម្មវិធីអប់រំជាច្រើន ការចែកសម្ភារសិក្សា ការកសាងសាលារៀន ការប្រមូលសំរាម និងសម្អាតបរិស្ថានទីក្រុង ការដាំដើមឈើ និងការរៀបចំកម្មវិធីប្រឡងគូគំនូរប្រធានបទទាក់ទងនិងបរិស្ថានជាដើម”។
លោកបានបន្ថែមទៀតថា “តាមរយៈកម្មវិធីការងារសង្គមរបស់យើង វាបានបង្កើតនូវទំនុកចិត្តជាវិជ្ជមានក្នុងចំណោមកុមារកម្ពុជា ជាពិសេសសម្រាប់អ្នកដែលមានឱកាសតិចតួច។ រហូតមកដល់បច្ចុប្បន្ននេះ កុមារកម្ពុជាជាង ៦០.០០០នាក់ នៅក្នុង១១ខេត្ត ដែលបានទទួលផលប្រយោជន៍ពីកម្មវិធីជាច្រើន ដែលរៀបចំដោយណាហ្គាវើលបេះដូងសប្បុរស។ ណាហ្គាវើលបេះដូងសប្បុរសនឹងបន្តសកម្មភាពទាំងនេះក្នុងឆ្នាំក្រោយ”។
លោក ប៉ោ សុខឃឿន នាយកសាលាវិទ្យាល័យ ហ៊ុនសែនសង្កើប បានមានប្រសាសន៍ថា “ភាពជោគជ័យយ៉ាងត្រចះត្រចង់របស់ណាហ្គាវើលបេះដូងសប្បុរសសម្រាប់សហគមន៍កម្ពុជារបស់យើង ដែលយើងទាំងអស់គ្នាបានឃើញ និងដឹងរួចមកហើយ។ ថ្ងៃនេះ យើងសប្បាយរីករាយណាស់ដោយបុគ្គលិកណាហ្គាវើលដែលបានមកទីនេះក្នុងការនាំយកនូវការផ្តាស់ប្តូរដល់សាលារបស់យើង។ ណាហ្គាវើលបេះដូងសប្បុរសបាននាំយកនូវសម្ភារកីឡា និងដើមឈើដើម្បីដាំក្នុងបរិវេណសាលារៀនរបស់យើង។ បន្ថែមពីលើនេះទៀត សិស្សានុសិស្សរបស់យើងបានអនុវត្តមេរៀនដែលបានរៀននៅសាលារបស់ពួកគេស្តីពីបរិស្ថាន ដោយដាំដើមឈើជាមួយបុគ្គលិកណាហ្គាវើល។ បុគ្គលិកណាហ្គាវើលបានចែករំលែកបទពីសោធន៍របស់ពួកគេក្នុងការបាល់ទះជាមួយសិស្សរបស់យើង។ នេះគឺជាលើកទីមួយហើយសម្រាប់សាលាវិទ្យាល័យ ហ៊ុនសែនសង្កើប ដែលបានទទួលនូវការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពីវិស័យឯកជន។ យើងសូមថ្លែងអំណរគុណសម្រាប់ការចែករំលែកជាមួយពួកយើង”។
ផាន់ណា ជាសិស្សថ្នាក់ទី ១១ បាននិយាយថា “នៅព្រឹកព្រហាមខ្ញុំបានទទួលស្វាគមន៍ក្រុមស្ម័គ្រចិត្តណាហ្គាវើលបេះដូងសប្បុរស ដែលទឹកមុខរបស់ពួកគេពពេញដោយស្នាមញញឹមរាកទាក់។នេះជាលើកដំបូងដែលខ្ញុំបានដាំដើមឈើជាមួយបុគ្គលិកក្រុមហ៊ុនឯកជន។ខ្ញុំពិតជារំភើបណាស់។លើសពីនេះទៀតខ្ញុំបានលេងបាល់ទះមិត្តភាពជាមួយពួកគេទៀតផង។ខ្ញុំមានមោទនភាពចំពោះណាហ្គាវើលបេះដូងសប្បុរស ហើយខ្ញុំមានបំណងចង់ទៅធ្វើការក្នុងក្រុមហ៊ុនណាហ្គាវើលនៅពេលដែលខ្ញុំបញ្ចប់ការសិក្សារបស់ខ្ញុំ។ខ្ញុំសង្ឃឹមថាពួកគេនឹងមកចែករំលែកបទពិសោធន៍របស់ពួកគេជាមួយយើងបន្ថែមទៀតនៅថ្ងៃអនាគត”៕
ដោយ៖ សដារ៉ា