មេតុងទីន១គ្រួសារនៅច្បារអំពៅប្រមូលលុយជាង៤លានដុល្លារ រត់គេចខ្លួនបាត់ 

ចែករំលែក៖

ភ្នំពេញ ៖ ទឹកប្រាក់ជាង៤លានដុល្លារដែលអាជីវករនិងមន្ត្រីរាជការនៅផ្សារច្បារអំពៅនិងនៅកន្លែងផ្សេងៗទៀតក្នុងរាជធានីភ្នំពេញប្រមូលអោយមេតុងទីន១គ្រួសារ  ពេលនេះប្រៀបដូចជាអំបិលត្រូវទឹកឥញ្ចឹងត្រូវមេតុង​ទី១​គ្រួសារប្រមូលលុយរត់បាត់ ចំណែកកូនតុងទីនបានត្រឹមតែផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក និង នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅស្ថាប័នមានសមត្ថកិច្ចប៉ុណ្ណោះ ។

មេតុងទីន១គ្រួសារដែលប្រមូលលុយបានច្រើនសន្ធឹកសន្ធាប់ហើយរត់គេចខ្លួនមានទីលំនៅភូមិដើមម៉ាក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ មានឈ្មោះអោម មុនី ភេទស្រី អាយុ៦១ឆ្នាំ ប្តីមានឈ្មោះលត ជុនអេង អាយុ៦៧ឆ្នាំ  អតីតជាប្រធានការិយា ល័យសង្គកិច្ចខណ្ឌមានជ័យ  ចំណែកកូនស្រីមានឈ្មោះអេង ឆវី អាយុជាង៣០ឆ្នាំ  ។

លោកគួច ចំណាន ប្រធានគណៈកម្មការផ្សាច្បារអំពៅបានអោយដឹងថា ករណីមេតុងទីនប្រលុយពីកូនតុងទីននៅក្នុងផ្សារហើយរត់គេចខ្លួនបាត់  លោកទើបតែបានទទួលពត៍មាន២-៣ថ្ងៃមុននេះ  ណាមួយមេតុងទីនមិនមែនជាអាជីវករលក់ដូរនៅក្នុងផ្សារច្បារអំពៅនោះទេ  ពោលគឺមានទីលំនៅកន្លែងផ្សេងហើយលេងតុងទីនជាមួយអាជីវករលក់ដូរនៅក្នុងផ្សារ  ដល់ពេលមេតុងទីនរត់គេចខ្លួនទើបបែករឿង  ចំណែកអាជីវករមិនបានមកដាក់ពាក្យបណ្តឹងនៅក្នុងទីស្នាក់ការផ្សានោះគឺទៅដាក់ពាក្យបណ្តឹងនៅកន្លែងផ្សេង  ចំពោះទឹកប្រាក់ដែលមេតុងទីនប្រមូលហើយរត់គេចខ្លួនក៍មិនដឹងចំនួនប៉ុន្មានដែរ  គ្រាន់តែអ្នកខ្លះថាប៉ុណ្ណេះ  អ្នកខ្លះទៀតថាប៉ុណ្ណោះ ។

ដោយឡែកលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានបញ្ជាក់ដូច្នេះថា មេតុងទីនដែលរត់គេចខ្លួនមានឈ្មោះអោម មុនី ភេទស្រី អាយុ៦១ឆ្នាំ  ចំណែកកូនស្រីមានឈ្មោះអេង ឆវី អាយុជាង៣០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ច្បារអំពៅទី១ ។

តុងទីនដែលម្តាយនិងកូនលេងមានក្បាល២០០ ដុល្លារ , ៣០០ដុល្លារ និង ៥០០ដុល្លារ  ប៉ុន្តែចំនួនអ្នកលេងអត់ប្រាកដទេ  ដោយសារតែអត់មានបញ្ជីដែលយកជាផ្លូវការបាន ។  ឥឡូវនេះទាំងម៉ែ ទាំង កូនបានចេញពីផ្ទះបាត់ហើយមិនដឹងទៅណាទេព្រោះគេរកមិនឃើញទេ  ឥញ្ចឹងហើយបានជាពត៍មាននេះមិនអាចយកជាការបានទេព្រោះយើងមិនដឹងជាក់លាក់ថាគាត់ចេញទៅណា  ។

លោកចៅសង្កាត់បានបន្តថា មកដល់ពេលនេះម្តាយនិងកូននាំគ្នារត់គេចបាត់អស់ហើយមិនមាននៅក្នុងខណ្ឌច្បារអំពៅនោះទេ  ចំនួនអ្នកលេងក៍មិនជាក់លាក់ដែរ  ចំនួនទឹកលុយដែលម្តាយនិងកូនបោកយកទៅក៍មិនដឹងដែរព្រោះគ្មានបញ្ជីរស្នាម  គ្រាន់តែឮតៗគ្នា ខ្លះថាប៉ុណ្ណេះ  ខ្លះថាប៉ុណ្ណោះ  ឥញ្ចឹងយើងយកជាផ្លូវការមិនបានទេ ។

បន្ទាប់ពីដឹងថាមេតុងទីងប្រមូលលុយរត់គេចខ្លួន ឥឡូវកូនតុងទីនខ្លះដាក់ពាក្យបណ្តឹងនៅព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  ខ្លះដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌ និងខ្លះទៀតដាក់ពាក្យបណ្តឹងនៅសាលាសង្កាត់ច្បារអំពៅទី១ និងខ្លះទៀតដាក់ពាក្យបណ្តឹងទៅតុលាការ ។  និយាយជារួមទៅយើងក្តាប់អត់បានអ្វីទាំងអស់ព្រោះផុតអាជ្ញាយុកាលរបស់សង្កាត់ហើយ  ប៉ុន្តែយើងបានណែនាំអោយពួកគាត់ទៅរកស្ថាប័នតុលាការ និង ព្រហ្មទណ្ឌក្រសួងមហាផ្ទៃហើយ ៕  សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print