កាលពីថ្ងៃទី៥ខែវិច្ឆិកា អីរ៉ង់បានចាប់ផ្តើមធ្វើសមយុទ្ធ ដែនអាកាសជាទ្រង់ទ្រាយធំ ដោយមានការចូលរួមពី កម្លាំងមីស៊ីល និងយន្តហោះចម្បាំង ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺសមយុទ្ធ ធ្វើឡើងចំពេលដែលអាមេរិក ដាក់ទណ្ឌកម្ម ឡើងវិញទៅលើអីរ៉ង់ ។
សារព័ត៌មាន Sputnik បានផ្សាយថា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអីរ៉ង់លោក Velayat Skies បានបញ្ជាក់ថា សមយុទ្ធជាប្រចាំនេះធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៥និងទី៦ខែវិច្ឆិកា នៅតំបន់ភាគខាងជើង ភាគកណ្តាលនិងខាងកើតប្រទេសអីរ៉ង់។
ចំណេកមេបញ្ជាការកងទ័ពបដិវត្តអីរ៉ង់ លោក Habibollah Sayyari បានបញ្ជាក់ថា សមយុទ្ធខាងលើ ធ្វើឡើងនៅលើផ្ទៃដីប្រមាណ ៥សែន គីឡូម៉ែត្រក្រឡា ។ លោកបន្តទៀតថា ៖ «ប្រទេសជាតរបស់យើងខ្ញុំ កំពុងតែរងការដាក់ទណ្ឌកម្ម ទ្រង់ទ្រាយធំបំផុត ហើយកម្លាំងទាហានអីរ៉ង់ បានសមទៅនឹងទម្លាប់ដាក់ទណ្ឌកម្មនោះទៅហើយ ដោយសារតែសត្រូវមិនចង់ឲ្យអីរ៉ង់ មានសន្តិភាពពេញលេញ និង ការអភិវឌ្ឍន៍»។
ទំនាក់ទំនងរវាងអីរ៉ង់ និងអាមេរិក កាន់តែអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃក្រោយពេលប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានសម្រេច ដកអាមេរិក ចេញពីកិច្ចព្រមព្រៀង បរមាណូ កាលពីឆ្នាំ២០១៥ និង សម្រេចដាក់ទណ្ឌកម្មទាំងស្រុងឡើងវិញ នៅថ្ងៃទី៥ខែវិច្ឆិកា ។នៅពេលនេះដែរ រដ្ឋាភិបាល អាមេរិក បានដាក់លក្ខ័ណ្ឌ១២ចំណុចឲ្យអីរ៉ង់ អនុវត្តប្រសិនបើចង់លុបទណ្ឌកម្មនោះ ។
នៅថ្ងៃចន្ទ ទី៥ វិច្ឆិកា ទណ្ឌកម្មអាមេរិកដាក់លើអ៊ីរ៉ង់ក្នុងវិស័យប្រេង និងធនាគារបានចូលជាធរមាន។ ចំណែកលោកប្រធានាធិបតីអ៊ីរ៉ង់ហាសាន រ៉ូហានីក៏បានថ្លែងក្នុងថ្ងៃដែរដោយបញ្ជាក់ច្បាស់ៗតបនឹងអាមេរិកថា អ៊ីរ៉ង់នឹងបន្តនាំប្រេងចេញដោយមិនខ្វាយខ្វល់ពីទណ្ឌកម្មរបស់អាមេរិកទេ។ គួរម្លឹកថា ទណ្ឌកម្មអាមេរិកដាក់លើអ៊ីរ៉ង់ជាថ្មីពេលនេះបានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែឧសភាកន្លងទៅ។
« អាមេរិកចង់កាត់បន្ថយការលក់ប្រេងរបស់អ៊ីរ៉ង់ តែយើងនឹងបន្តលក់ប្រេងរបស់យើង » នេះជាប្រតិកម្មខ្លាំងៗរបស់លោកហាសាន រ៉ូហានីតបនឹងទណ្ឌកម្មរបស់អាមេរិកនៅតាមកញ្ចក់ទូរទស្សន៍ជាតិ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកបារ៉ាម កាសេមីក៏បានបញ្ចេញប្រតិកម្មក្នុងថ្ងៃនេះដែរ តែបានលើកឡើងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់ និងសហគមន៍អន្តរជាតិបានចុះហត្ថលេខាក្នុងខែកក្កដា ឆ្នាំ ២០១៥ ក្នុងនោះក៏មានភាគីអាមេរិកក្នុងជំនាន់លោកបារ៉ាក់ អូបាម៉ាម្នាក់ដែរ៕
ដោយ៖ មែវ សាធី