ព្រូដិនសល ផ្តល់នាំងសុវត្ថិភាព ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សិស្សានុសិស្ស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បានឧបត្ថម្ភរនាំងសុវត្ថិភាពចំនួន ២០០រនាំងកាលពីថ្ងៃសៅរ៍ ដល់សាលារៀនចំនួន៥០កន្លែងនៅតាមបណ្ដាខេត្តនានានៅតាម        បណ្ដោយផ្លូវជាតិលេខ ៥ និង លេខ៦ ដែលនឹងជួយរក្សានូវសុវត្ថិភាពរបស់សិស្សជាង ៥ម៉ឺននាក់ នៅពេលធ្វើដំណើរទៅ និងមកពីសាលារៀនរបស់ពួកគេ។

ព្រឹត្តិការណ៍ឧបត្ថម្ភរនាំងសុវត្ថិភាពនេះបានធ្វើឡើងក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៣ខែវិច្ឆិកានេះដើម្បីប្រារព្ធទិវាពិភពលោកលើកទី ១៣ នៃការរំឭកដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អមដោយលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហឹម យ៉ាន់ អគ្គស្នងការរងនគរបាលជាតិនិ ងសមាជិក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ហៅកាត់ថា គ.ស.ច.គ. រួមជាមួយនឹងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់ទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ ទិវានេះមិនត្រឹមតែរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសំដៅជួយពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យយល់ដឹងអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការធ្វេសប្រហែស និងការមិនគោរពច្បាប់ដូចជា បើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព កាបត់ ឬជែងទាំងប្រថុយប្រថាន បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទម្ងន់កំណត់ និងមិនពាក់ខ្សែក្រវាត់សុវត្ថិភាពជាដើម។

សម្ដេចក្រឡាហោម បានបន្តទៀតថា៖ ទាំងនេះបង្ហាញច្បាស់ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាជារៀងរាល់ឆ្នាំ។

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះ គឺដើរស្របទៅនឹងការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់កុមារៗ ហើយរនាំងសុវត្ថិភាពទាំងនេះត្រូវបានរំពឹងថា នឹងជួយកាត់បន្ថយគ្រោះថ្នាក់នានាដែលកើតមានចំពោះសិស្សានុសិស្ស។

លោក Nutman បានថ្លែងថា៖ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ក្រុមគ្រួសារ និងធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់ប្រទេស និងប្រជាពលរដ្ឋរបស់ខ្លួន។

លោក បានបន្លែមទៀតថា៖ ការឧបត្ថម្ភរនាំងសុវត្ថិភាពនាថ្ងៃនេះ នឹងរួមចំណែកធ្វើឱ្យផ្លូវថ្នល់កាន់តែមានសុវត្ថិភាព ហើយនិងនាំឱ្យចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ ជាពិសេសគឺគ្រោះថ្នាក់ដែលកើតឡើងចំពោះកុមារតូចដែលធ្វើដំណើរទៅមកសាលារៀនតែម្តង។ ក្នុងនាមជាក្រុមហ៊ុនដែលបានទទួលការទុកចិត្តពីអតិថិជន ក្រុមហ៊ុន                  ព្រូដិនសលកម្ពុជាជឿជាក់ថា កុមារ គឺជាសសរគ្រឹះដ៏សំខាន់សម្រាប់ប្រទេសជាតិ ហើយការគាំពារនិងធានាសុវត្ថិភាពអាយុជីវិតរបស់កុមារ គឺស្មើនឹងការការពារដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃប្រទេសកម្ពុជាដូច្នោះដែរ។

សាលារៀនចំនួន ៥០កន្លែងទាំងនោះត្រូវបានជ្រើសរើស តាមរយៈការសិក្សាផ្អែកលើទិន្នន័យពីប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (RCVIS) ដែលបានបង្ហាញថាសិស្សក្មេងៗជាច្រើនតាមបណ្តោយផ្លូវជាតិលេខ ៥ និង លេខ៦ នៅតែមានការប្រឈមខ្ពស់ក្នុងពេលធ្វើដំណើរឆ្លងកាត់ផ្លូវធំ ពេលទៅមកសាលារៀន។ ការឧបត្ថម្ភរនាំងសុវត្ថិភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ ទូទាំងប្រទេសកម្ពុជា៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print