ភ្នំពេញ៖ គណៈកម្មការអចិន្រៃ្តយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)លើកទី៨៨ និងកិច្ចប្រជុំពេញអង្គរបស់AIMFលើកទី៣៨បានដំណើរការចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧វិច្ឆិកា នៅទីក្រុងលីលប្រទេសបារាំង ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃពុធ០១រោច ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ២០១៨ ថា៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រៃយ៏របស់សមាគមន៏ បានដឹកនាំមន្ត្រីសំខាន់ៗអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ថិតក្នុងអធិបតីភាព លោកជំទាវ អាន អ៊ីដាល ហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកីឡាប្រទេសបារាំងផងដែរ ក្នុងគោលបំណង ផ្តោតទៅលើប្រធានបទដែលពាក់ពន្ធ័នឹងកីឡា ដូចជា កីឡា សុខភាពឬបំពេញឲ្យគ្នា កីឡា ការបង្កើតថ្មី និងការអភិវឌ្ឍ មូលដ្ឋាន,ទីក្រុង និងព្រឹត្តិការណ៏កីឡាអន្តរជាតិខ្នាតធំ ។
មន្ត្រីដដែរ បានបន្តថា ៖ មានរបៀបវារះជាច្រើនត្រូវបានលើកយកពិភាក្សា និងអនុមត័មានការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិក,អនុម័តកំណត់ហេតុអង្គសន្និបាតAIMFលើកទី៣៧,របាយការណ៏ស្ដីពីសកម្មភាពរបស់ AIMFក្នុងឆ្នាំ ២០១៧,របាយការណ៏នៃការអនុវត្តថវិកាឆ្នាំ២០១៧ និងបទបង្ហាញអំពីគណនេយ្យ, របាយការណ៏សវនករ,ការអនុម័តលើគណ នេយ្យ និងរបាយការណ៏ហិរញ្ញវត្ថុឆ្នាំ២០១៧,គំរោងចំណាយនានាលើការឧបត្ថម្ភដល់ទីក្រុង និមួយៗជាសមាជិកAIMF។ តំណាងទីក្រុងនានាបានលើកឡើងពីបញ្ហាប្រឈមដែលខ្លួនជួបប្រទះព្រមទាំងមានការបោះឆ្នោតជ្រើសរើសកីឡាការិនីឆ្នើមផងដែរ ។ ក្នុងពេលនោះ ប្រតិភូរាជធានីភ្នំពេញបានធ្វើបទអន្តរាគមដែលបង្ហាញពីការរីកចំរើនរបស់រាជធានីភ្នំពេញ ក៏ដូចការរីកចំរើនលើវិស័យកីឡាដែលយើងបានកសាងឡើងពីបាតដៃទទេ ពីគំនរផេះផង់ដែលបន្សល់ទុកពីរបប ប្រល័យពូជសាសន៏ ។
លោកស្រី អាន អ៊ីដាលហ្គោ បានថ្លែងកោតសរសើរពីដំណើរការអភិវឌ្ឍ រាជធានីភ្នំពេញយ៉ាងឆាប់រហ័ស និងវាយតំលៃខ្ពស់ចំពោះវត្តមានរបស់ លោក ឃួង ស្រេង និងគណៈប្រតិ ភូរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាត AIMFប្រចាំឆ្នាំ នាពេលនេះ ។
ក្នុងបទអន្តរាគមន៏ លោក ឃួង ស្រេង បានលើកឡើងពីកិច្ចសហការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ហើយធ្វើឲ្យមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ដើម្បីរៀបចំកសាងសេចក្តីព្រាងគោលនយោបាយ និងយន្តការនានាព្រមទាំងផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់សមាគម ទុកជាប្រយោជន៏ដល់បុព្វហេតុ នៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិ បត្តិការអន្តរជាតិ និងការរៀបចំបែបផែនអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិរបស់បណ្តាសមាជិកសមាគមនាពេលអនាគត ឲ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព ។
លោក ឃួង ស្រេង បានស្នើសុំដល់អង្គសន្និបាតឲ្យគាំទ្ររាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតAIMF ឆ្នាំ២០១៩ខាងមុខនេះផងដែរ ៕ ដោយ៖ សំរិត
...