ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ២៣,៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានានៅក្នុងខេត្តតាកែវ។ ពិធីសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
រោងចក្រ សហគ្រាសទាំង២០ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៣, ផលិតស្បែកជើងចំនួន៦ និងបោះពុម្ពលើសម្លៀកបំពាក់ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពីតំបន់រោងចក្រ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ៕