ខេត្តកោះកុងៈ ប្រជាពលរដ្ឋរាប់រយនាក់ រស់នៅភូមិត្រពាំងរូង និងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង បានកើតទុក្ខមិនសុខចិត្តជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) ដែលបានកាប់បំផ្លាញដំណាំដីចម្ការរបស់លោកស្រី យោង តាយ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃ អង្គារ ១៣ រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បណ្តាលឱ្យខូចខាតផលដំណាំស្ទើរតែទាំងស្រុង និងបាននាំគ្នាទៅតវ៉ាដល់អាជ្ញាធរមូលដ្ឋាន ជួយធ្វើអន្រាគមន៍រឿងនេះ ។
ការតវ៉ារបស់ប្រចាពលរដ្ឋទាំងនោះ បានធ្វើជាថ្មីម្តងទៀត នៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃ ពុធ ១៤ រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋទាំងនោះបានប្រមូលផ្តុំគ្នាតវ៉ា និងដុតសំបកកង់រថយន្តនៅមុខទីស្នាក់ការរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ត្រពាំងរូង ដើម្បីឲ្យតំណាងអង្គការចេញមកបកស្រាយ តើមូលហេតុអ្វី បានជាមកកាប់ដំណាំរបស់គាត់ចោល? តែរហូតមកដល់រសៀលថ្ងៃដដែល គេមិនទាន់ឃើញមានតំណាងអង្គការខាងលើ ចេញធ្វើការបកស្រាយនៅឡើយទេ។
បន្ទាប់ពីករណីនេះកើតឡើង លោក អធិការនគរបាលស្រុកកោះកុង បានបញ្ជាកម្លាំងត្រៀមធ្វើអន្តរាគមន៍ បង្ការ មិនឱ្យប្រជាពលប្រព្រឹត្តអំពើហិង្សាណាមួយ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ និងបានពន្យល់ឱ្យគាត់ធ្វើការតវ៉ាដោយសន្តិវិធីបន្ត។
យ៉ាងណា ក្រុមអ្នកតវ៉ាអះអាងថា បើតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) គ្មានដំណោះស្រាយជាមួយប្រជាពលរដ្ឋតាមសម្រួលទេ ពួកគាត់និងបន្តធ្វើបាតុកម្មធំជាងនេះ មិនខាន ។
ទាក់ទិនផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋនេះ ភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបញ្ជាក់ពីតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត)បានឡើយកាលពីរសៀល ថ្ងៃទី៧ ខែ វិច្ឆិកា នេះ ៕