តុលាការសម្រេចឃុំខ្លួនបុរសជាសន្តិសុខក្រុមហ៊ុនEPS ខ្ចីម៉ូតូពីនារីកម្មកររោងចក្រយកទៅបញ្ចាំ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្ដាល ៖ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៨ វិច្ឆិការ ២០១៨ បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ជាសន្តិសុខក្រុមហ៊ុនEPS ខ្ចីម៉ូតូពីនារីកម្មកររោងចក្រយកទៅបញ្ចាំនៅឃ្លាំងរំសេវ ចំនួន៥០០ដុល្លារ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”រំលោភលើទំនុកចិត្ត” ដែលប្រព្រឹត្តនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៨ តាមមាត្រា៣៩១ ,៣៩២ នៃក្រមព្រហ្មទណ្ឌ។ ទោសដែលត្រូវអនុវត្ត អំពើរំលោភលើទំនុកចិត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីពី ៦(ប្រាំមួយ)  ទៅ៣(បី)ឆ្នាំ និងពិន័យជាប្រាក់១.០០០.០០០(មួយលាន)រៀល ទៅ៦.០០០.០០០(ប្រាំមួយលាន)រៀល។

ជនត្រួវចោទមានឈ្មោះ យ៉ាន់ កុសល្យ ហៅនិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុក្រុមហ៊ុនEPS បច្ចុប្បន្នស្នាក់នៅក្នុងក្រុមហ៊ុនស៊ីភី ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។  ចំណែកជនរងគ្រោះឈ្មោះ ងឿម បុប្ផា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មការិនីក្រុមហ៊ុនស៊ីភី មានទីលំភូមិព្រែកសំរោង៣ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ធុនសេ​១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AW-4140 ។

នគរបាលក្រុងតាខ្មៅបានអោយដឹងថា  កន្លងមកជនសង្ស័យនិងនារីរងគ្រោះធ្វើការនៅក្នុងក្រុមហ៊ុនស៊ីភី ដោយ​ជន​សង្ស័យជាសន្ដិសុខ រីឯនារីជាកម្មការិនី ហើយបានទំនាក់ទំនងស្គាល់គ្នា រហូតមកដល់ថ្ងៃកើតហេតុ ជនសង្ស័យខាងលើបានខ្ចីម៉ូតូនារីរងគ្រោះថា ទៅយកឥវ៉ាន់នៅរាជធានីភ្នំពេញ រីឯនារីរងគ្រោះក៏យល់ព្រមឲ្យជនសង្ស័យខ្ចីម៉ូតូដែរ ។

ក្រោយពីជនសង្ស័យបានម៉ូតូរួច ភ្លាមនោះជនសង្ស័យក៏ជិះម៉ូតូទៅបាត់រហូតតែម្ដង ដោយពុំយកម៉ូតូឲ្យនារីរងគ្រោះវិញទេ ដោយនារីរងគ្រោះរងចាំយូរមិនឃើញជនសង្ស័យយកម៉ូតូមកឲ្យខ្លួនវិញ រហូតមកដល់វេលាម៉ោង២១និង១០នាទី នារីរងគ្រោះក៏សម្រេចដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះរួច ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ​យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយយកម៉ូតូនោះទៅបញ្ចាំនៅហាងបញ្ចាំមិនចាំយីហោនៅម្តុំផ្សារឃ្លាំងរំសេវ ដោយបានលុយចំនួន៥០០ដុល្លារសហរដ្ឋអាមេរិកយកទៅឲ្យមិត្តភក្ដិខ្ចីអស់បាត់តែម្ដង ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print