ភ្នំពេញ៖ តួអង្គសំខាន់ជាម្តាយកូនក្រកក្នុងរឿង “កូនក្រក” គឺកញ្ញា សួង សាខារ៉ានីត ស្រាប់តែមានអារម្មណ៍មិនស្រណុកក្នុងចិត្តរសាប់រសល់ខ្វាយខ្វល់ក្នុងចិត្តហាក់មិនមានហុងស៊ុយនៅក្នុងខ្លួនក្រោយថតរឿងនេះចប់។ នាងបានរត់ទៅស្រោចទឹកនៅវត្តមួយដើម្បីជម្រះមន្ទិលសៅហ្មងទាំងឡាយដែលនៅក្នុងខ្លួនចេញ។
សួង សាខារ៉ានីត ដែលនិយមលេងជាតួកាចឆ្នាសឆ្នើមនោះ ស្រាប់តែឆក់បានតំណែងជាតួឯកក្នុងភាពយន្តខ្នាតធំ របស់ផលិតកម្ម LD Picture រឿង “កូនក្រក” ដោយប៉ះជាមួយតួឯកប្រុស លោកឡាយ វណ្ណយុទ្ធ។
មានឈុតឆាករន្ធត់ជាច្រើនដែលនាងជួបនៅក្នុងរឿងធ្វើឲ្យនាងស្រៀវឆ្អឹងខ្នងមិនស្ទើទេ ពិសេស ឈុតវះពោះយកកូនក្រកដែលតម្រូវឲ្យតួប្រុសកាន់កាំបិតពិត រហូតនាងបារម្ភខ្លាចគ្រោះថ្នាក់មែនទែន។ នាងថាឈុតត្រង់ហ្នឹងស្រៀវខ្លាំងណាស់ ព្រោះបើសិនជាធ្វេសប្រហែសនោះ នឹងធ្វើឱ្យមានគ្រោះថ្នាក់ភ្លាមជាមិនខាន។
និយាយទៅ រឿងនេះប្លង់សុទ្ធតែពិបាកៗមែនទែន ហើយតួទាំងអស់មានការតស៊ូខ្លាំង។ នាងថារាសីនាងហាក់ងងឹតសូន្យក្រោយថតភាពយន្តនេះចប់ គឺគ្មានការងារសិល្បៈ អ្វីនោះទេ រហូតធ្វើឲ្យនាងរត់ស្រោចទឹកនៅអារ៉ាមមួយដើម្បីជម្រះមន្ទិលក្នុងចិត្ត ទោះបីជាគ្រាថតនាងមិនបានជួបហេតុការអ្វីក៏ដោយ។
នាងថារាល់ដងឲ្យតែថតភាពយន្តបែបខ្មោចភ័យរន្ធត់គឺនាងតែងតែខ្លាចនិងបារម្ភ ប៉ុន្តែមិនមែននាងមិនទទួលថតភាពយន្តបែបនេះនោះទេ។ នាងថាពេលខ្លះក៏ជួបហេតុភេទមិនល្អពេលដំណើរការថតផងដែរ ប៉ុន្តែនាងតែងតាំងចិត្តរហូតបញ្ចប់ការថតជាស្ថាពរ។
នាងថាមិនជឿកុំប្រមាថ ទើបរាល់ពិធីក្រុងពាលីចេញថតភាពយន្តនាងមិនងាយនឹងខកខានចូលរួមឡើយដើម្បីសុំសេចក្តីសុខ ហើយអំឡុងពេល ថតក៏នាងបន់ស្រស់ជានិច្ចផងដែរ៕ដោយ វឌ្ឍនា