អាកាសយានិកទាំងអស់ដែលបើកយន្តហោះប្រភេទ Boeing 737 ត្រូវហ្វឹងហាត់បន្ថែម ពីសុវត្ថិភាព

ចែករំលែក៖

ក្រោយពេលមានហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air សម្លាប់មនុស្ស ១៨៩នាក់មក ការហ្វឹកហាត់បន្ថែមក៏បានចាប់ផ្តើម​ទៅលើអាកាសយានិកទាំងអស់ ទៅលើបញ្ហាដែលមិនធ្លាប់ជួបប្រទះពីមុនមក ក៏ដូចជា មិនមាននៅក្នុងសៀវភៅ នៃការហោះហើររបស់ យន្តហោះប្រភេទនេះ។

តាមព័ត៌មានដែលយកបានពីប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ របស់យន្តហោះ Boeing 737 MAX ដែលធ្លាក់នោះកាលពីសប្តាហ៍មុន បានជំរុញឲ្យទីភ្នាក់ងារគ្រប់គ្រងវិស័យអាកាសចរណ៍អាមេរិក FAA ចេញសេចក្តីបង្គាប់ជាបន្ទាន់មួយ ដែលស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍នានា ធ្វើបច្ចុប្បន្ន សៀវភៅណែនាំការហោះហើររបស់ពួកគេ។

សេចក្តីបង្គាប់នោះបានរំលឹកអាកាសយានិកឲ្យប្រុងប្រយ័ត្ន ចំពោះប្រព័ន្ធកុំព្យូទ័រនៅលើយន្តហោះ Boeing 737 MAX ដែល Boeing បានបំពាក់ដើម្បីបង្ការ កុំឲ្យមានការគាំងម៉ាស៊ីននោះ ដែលអាចធ្វើឲ្យយន្តហោះសំយ៉ុងក្បាលចុះក្រោមយ៉ាងគំហុកភ្លាមៗរហូតដល់១០វិនាទី ក្នុងស្ថានការណ៍ណាមួយ សូម្បីតែនៅពេលដែលពីឡុតកំពុងកាន់ចង្កូតបញ្ជាផ្ទាល់ក៏ដោយ ខណៈប្រការនេះអាចបង្កផលលំបាកខ្លាំងក្នុងការព្យាយាមគ្រប់គ្រងយន្ត ហោះ។

បើតាមក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី បញ្ហាខាងលើពុំត្រូវបានចែងនៅក្នុងសៀវភៅហោះហើរក៏ដោយ ក្រុមអាកាសយានិកនៅមានបញ្ជីត្រួតពិនិត្យមួយទៀត សម្រាប់ឲ្យពីឡុតបិទប្រព័ន្ធខុសប្រក្រតីនានា នៅពេលដែលយន្តហោះ ចាប់ផ្តើមដាំក្បាលចុះក្រោមខុសពេលវេលា ។

ដូច្នេះហើយ ក្រុមអ្នកស៊ើបអង្កេត នឹងស្រាវជ្រាវតទៀតថា តើក្រុមអាកាសយានិករបស់យន្តហោះ Lion Air ដែលជួបគ្រោះអាក្រក់នោះ បានត្រួតពិនិត្យមើលបញ្ជីដែលគេហៅថា Checklist នេះឬក៏អត់ ហើយបើបានត្រួតពិនិត្យ តើពួកគេមានពេលគ្រប់គ្រាន់ ដើម្បីបិទប្រព័ន្ធសំយ៉ុងក្បាលយន្តហោះ ដោយស្វ័យប្រវត្តិ នៅពេលហោះ ហើរក្នុងរយៈកម្ពស់ត្រឹមជាង ១,៥០០ម៉ែត្រដែរ ឬយ៉ាងណា។

យ៉ាងណាមិញ ដើម្បីបកស្រាយចម្ងល់នេះបានទាំងស្រុង អ្នកស៊ើបអង្កេតអាចនឹងត្រូវការព័ត៌មានពីប្រអប់ខ្មៅមួយទៀត ដែលផ្ទុកសំឡេងសន្ទនានៅក្នុងបន្ទប់ពីឡុត ដែលរកមិនទាន់ឃើញនៅឡើយ។

គួរជម្រាបថា របាយការណ៍បឋមនៃការស៊ើបអង្កេត ជុំវិញករណីធ្លាក់យន្តហោះខាងលើ ក៏នឹងត្រូវចេញផ្សាយនៅថ្ងៃទី២៨ ឬទី២៩ ខែវិច្ឆិកាផងដែរ ពោលគឺប្រមាណ១ខែ ក្រោយយន្តហោះ Boeing 737 Max របស់អាកាស ចរណ៍ Lion Air បានធ្លាក់ទៅក្នុងសមុទ្រខេត្តជ្វា នៃប្រទេសឥណ្ឌូណេស៊ី ដោយបានផ្តាច់ជីវិតមនុស្សទាំង ១៨៩នាក់ ដែលជិះនៅលើនោះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print