ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីក្តុកក្តួលខ្សឹកខ្សួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន បានទទួលមរណភាពក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ ។
មរណភាពរបស់ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន , សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិតជាមានការសោកស្ដាយស្រណោះ អាឡោះអាល័យរកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺ ជាការបាត់បង់អ្នកប្រាជ្ញមួយរូប ដែលបានរួមដំណើរជាមួយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងបេសកកម្មបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់ពេលនេះ ហើយក៏ជាការបាត់បង់នូវវីរៈសិល្បករចម្រៀងចាប៉ីដងវែងដ៏ឆ្នើមមួយរូបផងដែរ ពិសេស គឺបាត់បង់ស្វាមី ឳពុក ជីតា គ្រូអាចារ្យ ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ។
សាររំលែកមរណទុក្ខដែលសម្តេចតេជោ ផ្ញើជូនឧបាសិកាអ៊ុក ព្រីង ភរិយាសពព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បញ្ជាក់ថា ទោះបី ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន លាចាកលោកទៅហើយក្តី ប៉ុន្តែឆន្ទៈ មនសិការ បញ្ញាញាណ របស់ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន នៅតែភ្លើងចិញ្ចាចជានិច្ចក្នុងបេះដូងខ្មែរគ្រប់ពេលវេលា ។
សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអធិដ្ឋានបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ឆាប់បានចាប់កំណើតកើតក្នុងសុខគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ ៕ចេស្តា