ជាងផ្សាដែកម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា

ចែករំលែក៖

ភ្នំពេញ ៖ ជាងផ្សាដែកម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ តាមស្រាវជ្រាវឃាត់ខ្លួនបាន នៅត្រង់ចំណុចក្បែរដីឡូត៍ គ្មានលេខមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងក្រុមទី៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា ក្រោយ​ពីបុរសជាជាងដែករូបនោះ បានរាយខ្សែភ្លើងក្នុងគោលបំណងដើម្បីឆក់យកត្រី តែបែរជាឆក់ក្មេងប្រុសរៀនថ្នាក់ទី៣ម្នាក់ បណ្ដាលឲ្យស្លាប់ នៅក្បែរចំណុចកើតហេតុ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ។
បើតាមលោកវរៈសេនីយ៍ត្រី អ៊ីវ ឈុនផេង អធិការរងទទួលផែនការងារព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ដែលស្ថិតក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ នៅក្នុងការតាមស៊ើបអង្កេត រហូត​ឈានដល់ការឃាត់ខ្លួនបុរសជាជាងដែក ដកហូតបានខ្សែភ្លើងពណ៌ខ្មៅ ប្រវែង១០០ម៉ែត្រ និងដងសម្រាប់ឆក់ត្រីចំនួន២ដើម ខាងលើនេះ គឺបានអនុវត្តឡើងភ្លាមៗ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឪពុករបស់ក្មេងប្រុសរងគ្រោះ ដោយសង្ស័យ ចំពោះអ្នកដែលតខ្សែភ្លើងឆក់ដើម្បីយកត្រីនៅក្បែរកន្លែងកើតហេតុ។
លោកអធិការរងព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្រោយពីបុរសជាឪពុករបស់ក្មេងប្រុសរងគ្រោះ បានជួបហេតុការដ៏អាក្រក់នេះហើយ លោកពុំបានរាយការណ៍ជូនមកសម្ថកិច្ចឲ្យបានដឹងនោះទេ ដោយយកសពកូនទៅរៀបចំធ្វើបុណ្យតាមប្រពៃណី នៅឯភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាលឯណោះ ដោយសារតែនៅមុនពេលកើតហេតុ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា «ពោលគឺកាលពី៦ថ្ងៃមុន» មានគេប្រទះឃើញជនរងគ្រោះជាក្មេងដេកស្លាប់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ដល់នគរបាលមូលដ្ឋាន សហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែង និងបានវាយតម្លៃសន្និដ្ឋានថា សង្ស័យជាករណីឃាតកម្ម។
លោកអធិការរងបានបញ្ជាក់ទៀតថា ជនរងគ្រោះមានឈ្មោះ ថា ស៊ីថុង ភេទប្រុស អាយុ១១ឆ្នាំ មុខរបររៀននៅសាលាទួលសង្កែ ថ្នាក់ទី៣ ស្នាក់នៅជាមួយឪពុកឈ្មោះ អ៊ិត ស៊ីថា អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្ថិតនៅផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវលំ ក្នុងក្រុម៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ រីឯជនបង្កឈ្មោះ នុត សុផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅផ្ទះលេខ២៤៧ ផ្លូវ៥៩៨ ក្រុម១២ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
សូមបញ្ជាក់ថា ជនសង្ស័យពាក់ព័ន្ធក្នុងបទល្មើសឃាតកម្ម (តខ្សែភ្លើងរាយដើម្បីឆក់ត្រីតែបែរជាឆក់មនុស្សស្លាប់) រួមជាមួយវត្ថុតាង បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕អារុណរះ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print