រឿងប្រពន្ធដួលសន្លប់ពេលតាមទាន់ប្តីរៀបការប្រពន្ធថ្មី បញ្ចប់ត្រឹមលែងលះ បែងចែកទ្រព្យជាពីរ និងឪពុកផ្តល់អាហារកិច្ចចិញ្ចឹមកូន១ខែ៥០០ដុល្លារ ?

ចែករំលែក៖

ខេត្តតាកែវ ៖ រឿងរ៉ាវធ្វើឲ្យភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យប្រពន្ធសន្លប់ មុខរោងការពេលតាមទាន់ឃើញប្តីកំពុងរៀបការជាមួយស្រីផ្សេងនៅក្នុងភូមិអង្គរកា ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ ត្រូវបានទម្លាយឲ្យដឹងយ៉ាងក្បោះក្បាយតាមរយៈវីដេអូឃ្លីបមួយមានរយៈពេលជិតមួយម៉ោង ។

នៅក្នុងវីដេអូឃ្លីបដ៏វែងអន្លាយនេះ គេឃើញសកម្មភាពយាយចាស់ម្នាក់អាយុជាង៧០ឆ្នាំបានដឹកដៃកូនស្រីឈ្មោះ យ៉ា អាយុ៣៤ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ឡុញ អាយុជាង៤០ឆ្នាំដែលក្បត់ចិត្តនាងលួចមករៀបការជាមួយស្រីថ្មី និងកូនប្រុសស្រី ព្រមទាំងសាច់ញាតិមួយចំ នួន ចាកចេញពីខេត្តកំពង់ស្ពឺទៅកាន់រោងការដ៏អធិកអធមមួយក្នុងភូមិខាងលើ ខណៈរោងការកំពុងមានភ្ញៀវជិតឆ្ងាយ ចូលរួមពិសាភោជនាហារ ដោយមានវង់ភ្លេងសម័យចាប់ផ្តើមប្រគំយ៉ាងពីរោះលន្លង់លន្លោចផងដែរ ។

អ្វីដែលចម្លែកនោះ គឺលោកយាយត្រូវជាម្តាយក្មេករបស់ឈ្មោះ ឡុញ បានស្រែកជេរយ៉ាងអាក្រោសដាក់កូនប្រសាដែលក្បត់ចិត្តកូនស្រីគាត់ មករៀបការជាមួយស្រីថ្មីអាយុជិត២០ឆ្នាំ ដែលត្រូវជាក្មួយបុរសនេះ និងត្រូវជាសាច់ញាតិគាត់ទៀតផង ធ្វើឲ្យផ្អើលភូមិនិងអ្នកទៅចូលរួមអាពាហ៍ពិពាហ៍។ លោកយាយដើរកាត់រោងការ ស្រែកជេរកូនប្រសានិងអ្នកពាក់ព័ន្ធជាពិសេសឪពុកម្តាយខាងស្រីយ៉ាងចាស់មាត់ដែលស៊ុំគ្រលំគ្នាយកកូនប្រសាដែលរៀបការជាមួយកូនស្រីស្របច្បាប់របស់គាត(មានអេតាស៊ីវីល)មកលួចរៀបការជាមួយក្មួយខ្លួនឯង ។លោកយាយជេរបណ្តើរ ដើរសំដៅទៅកាន់ផ្ទះប្រធានភូមិបណ្តើរ ដើម្បីសួររកហេតុផល ហេតុអី្វបានជាហ៊ានឲ្យច្បាប់គេរៀបការ ? តែលោកប្រធានភូមិ និងមេឃុំ ប្រាប់ថា អាជ្ញាធរមូលដ្ឋានមិនបាន អនុញ្ញាតទេ គឺក្រុមគ្រួសារនេះគេចាត់ចែងរៀបការដោយទទួលខុសត្រូវខ្លួនឯង។

ក្នុងវីដេអូឃ្លីបនេះដែរក៏បានបង្ហាញឲ្យឃើញកូនប្រុសស្រី៣នាក់របស់បុរសនេះរត់តាមម្តាយ ទាំងទឹកភ្នែក ទឹកសំបោរហើយម្តាយរបស់ពួកនាងៗដួលសន្លប់ដោយសាររន្ធត់នឹងប្តីមកលួចរៀបការ រួច ថែមទាំងត្រូវឪពុក នាង យ៉ា មកច្រានឲ្យចេញពីរោងការព្រមទាំងច្របាច់កនាងនិយាយស្ទើរមិនរួចទៀតផង ។ ជាមួយគ្នានេះដែរ គេឃើញក្រុមគ្រួសារ នាង យ៉ា បានចូលទៅ សុំសម្របសម្រួលសុំឲ្យក្រុមគ្រួសារនាងប្រពន្ធដើមឈប់បង្កការភា្ញក់ផ្អើលនៅរោងការនាំឲ្យខ្មាសភ្ញៀវដោយប្រាប់ថា ចង់បានលុយប៉ុន្មានគេឲ្យ តែក្រុមគ្រួសារប្រពន្ធដើមមិនទទួលយក ដោយសុំទុកឲ្យច្បាប់ជាអ្នកដោះស្រាយវិញ ។

យ៉ាងណាក្នុងករណីនេះលោក ជឹម សំអាត មេឃុំ អង្កាញ់ បានប្រាប់ភ្នាក់ងារកាសែតនគរវត្ត តាមទូរស័ព្ទ នៅល្ងាច ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៨ នេះថា រឿងនេះកើតឡើងដោយសារឪពុកមា (ឡុញ)យកក្មួយស្រី(យ៉ា)ទៅជួយលក់បាយនៅភ្នំពេញ ហើយលួចស្រលាញ់គ្នារហូតខាងស្រីមានផ្ទៃពោះ និងដើម្បីកុំឲ្យខ្មាសគេកូនផើមអត់ប្តី ឪពុកម្តាយខាងស្រីក៏ចាប់មករៀបការនៅភូមិកំណើត តែប្រធានភូមិ និងលោកជាមេឃុំមិនបានស៊ីញ៉េច្បាប់អនុញ្ញាតនោះទេ។ យោង តាមកិច្ចសន្យារបស់ភាគីទាំង២ព្រមព្រៀងគ្នានោះ គឺភាគី ទាំងពីរបានស្រុះស្រួលគ្នាដោយធ្វើការលែងលះក្រៅប្រព័ន្ធច្បាប់ និងបានបែងចែកទ្រព្យជាពីរ ដោយប្រពន្ធយកដី(នៅស្រុកកំណើតខេត្តកំពង់ស្ពឺ) ឯប្តីយកផ្ទះតែហាមរុះរើ ព្រមទាំងមានភារកិច្ចផ្តល់ប្រាក់អាហារកិច្ចចិញ្ចឹមកូនទៅភាគីប្រពន្ធរយៈពេល៣០ខែ ក្នុងមួយខែ៥០០ដុល្លារ។

លោកមេឃុំបានបញ្ជាក់ប្រាប់ថា ភាគីទាំងពីរបានធ្វើកិច្ចសន្យាក្នុងគោលបំណងឲ្យរូបលោក និងមេភូមិដឹងឮ តែដោយយល់ថាភាគីទាំងពីរមានផ្ទះសម្បែងនិងទីលំនៅឯខេត្តកំពង់ស្ពឺ ទើប លោក មិនស៊ីញ៉េលើកិច្ចសន្យា និងដេញឲ្យទៅធ្វើនៅខេត្តកំពង់ស្ពឺវិញ ។ រីឯការរៀបចំអាពាហ៍ពីពាហ៍គ្មានច្បាប់ទម្លាប់មួយនេះក៏ចេះតែប្រព្រឹត្តទៅយ៉ាងរលូនដែរ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print