ខេត្តកំពង់ចាម៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម បានបន្ដបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយដកហូតបានវត្ថុតាងប្រព្រឹត្ដបទល្មើសមួយចំនួន និងលែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញជាច្រើនគីឡូក្រាម។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពី ថ្ងៃ អង្គារ១៣ កើត ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៨ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបាន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពងចាម បានបញ្ជាទៅអធិការនគរបាល ស្រុកកងមាសឲ្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាយប៉ាយ ក្រុមប្រឹក្សាឃុំ និងសហគមន៍បឹងB៦ ដឹកនាំដោយលោក ហោ ហ៊ិន ក្រុមប្រឹក្សាឃុំ និង ដោយមានការចង្អុលបង្ហាញពីលោក មឿន ផា អភិបាលស្រុកផងនោះ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចព្រែកស្ថិតក្នុងភូមិរាយប៉ាយ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
របាយការណ៍ដដែល បញ្ជាក់ថា ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចដកហូតបាន លូស្បៃមុង ចំនួន១៦មាត់, របាំងស្បៃមុង ប្រវែង៥៥០ម៉ែត្រ, បង្គោលចម្រុះ ចំនួន១៥០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ ចំនួន៣៥គីឡូក្រាម។
រីឯសម្ភារវត្ថុតាងដែលរឹបអូសបានត្រូវកម្លាំងចម្រុះដុតបំផ្លាញចោលនៅនឹងកន្លែង បន្ទាប់ពីមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមផងដែរនោះ៕